កំពត៖ សត្វក្រៀលច្រើនជាង៨០ក្បាលកំពុងមានវត្តមាននៅតំបន់ទេសភាពអន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើតាមការបញ្ជាក់តាមរយៈហ្វេស ប៊ុក ផ្លូវការរបស់អង្គការជិវិតធម្មជាតិនៅកម្ពុជានៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។
កាលពីដើមខែមករាកន្លងទៅ ក្រុមការងារអភិរក្ស បានឃើញមានវត្តមានសត្វក្រៀលវ័យជំទង់ចំនួន ៨ក្បាល ក្នុងចំណោមសត្វក្រៀលជិត ៣០ក្បាល ដែលមករកចំណីតំបន់ទេសភាពអន្លង់ព្រីង។ បើគិតត្រឹមថ្ងៃទី៦ មករា សត្វក្រៀលដែលវត្តមាននៅបឹងធម្មជាតិអន្លង់ព្រីងមានចំនួន ២៦ក្បាលដែលបានបំលាស់ទីពីតំបន់អភិរក្សបឹងព្រែកល្ពៅ ខេត្តតាកែវ មកររកចំណី និងស្នាក់នៅក្នុងតំបន់នេះ។ ជាពិសេសថ្មីនេះ សត្វក្រៀលច្រើនជាង៨០ក្បាលកំពុងមានវត្តមាននៅតំបន់ទេសភាពអន្លង់ព្រីង។
សូមជម្រាបថា សត្វក្រៀលត្រូវបានចុះបញ្ជីជាសត្វកំពុងរងការគំរាមកំហែងជាសកលក្នុងបញ្ជីក្រហម IUCN។ ចំនួនប្រជាសាស្ត្ររបស់វានៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជិតមួយទស្សវត្សចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកសម្រាប់ពងកូននិងរកចំណី ការបំពុល ការប្រមាញ់ ការប្រមូលពងកូន និងការប្រើប្រាស់សារធាតុគីមីច្រើនហួសហេតុក្នុងប្រព័ន្ធកសិកម្មជាដើម៕