ព្រៃវែង៖ ក្មេងប្រុសអាយុ៣ឆ្នាំ វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1)។ កុមារានេះ មានទីលំនៅក្នុងភូមិតាប្រុយ ឃុំព្រែកពោន ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង។ តាមការសាកសួរបង្ហាញថា ប្រហែល១០ថ្ងៃមុន មានមាន់ទាស្លាប់នៅក្នុងភូមិ និងនៅជុំវិញផ្ទះអ្នកជំងឺ។ បច្ចុប្បន្ន អ្នកជំងឺទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
ក្រសួងសុខាភិបាល រកឃើញអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើក្មេងប្រុសអាយុ៣ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៥ មករា។ តាមការសាកសួរបង្ហាញថា ប្រហែល១០ថ្ងៃមុន មានមាន់ទាស្លាប់នៅក្នុងភូមិ និងនៅជុំវិញផ្ទះអ្នកជំងឺ។
ជាមួយគ្នានោះ ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ពលរដ្ឋឱ្យចិត្តប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សី ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាម កំហែងដល់សុខភាពប្រជាពលរដ្ឋ។ លើសពីនេះ នៅពេលដែលមានអាការៈក្ដៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា។
សូមបញ្ជាក់ថា ជំងឺផ្ដាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅ
មន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។