ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៣ មនុស្សជាង ១ ៥០០០នាក់ បានស្លាប់ នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ នេះបើតាមការលើកឡើងរបស់លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅលើបណ្ដាញសង្គមរបស់លោក កាលពីថ្ងៃទី២៣ មករា។
រយៈពេញមួយឆ្នាំនៃឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត។
បើតាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាម ឡើងទៅ ឬបណ្ដាលឱ្យមានមនុស្សស្លាប់ច្រើននាក់ជាដើម នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ទៅ៥ឆ្នាំ។ នេះដោយមិនគិតពីការពិន័យជាប្រាក់ និងសំណងរដ្ឋប្បវេណីនៅឡើយទេ។
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ណែនាំដោយផ្ទាល់ ឱ្យឃាត់ខ្លួននិងវាយខ្នោះជាបន្ទាន់រាល់ជនណាដែលមានជាតិស្រវឹងក្នុងខ្លួនហើយបើកបរបង្កគ្រោះថ្នាក់បណ្ដាលឱ្យអ្នកដទៃរងរបួស ឬស្លាប់ ខណៈក្រសួងមហាផ្ទៃ ក៏កំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណាដែលបើកបរក្នុងស្ថានភាពស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស ឬស្លាប់។
លោក ស សុខា បានលើកឡើងថា លោកជឿជាក់ថាពលរដ្ឋទាំងអស់ ជាពិសេសអ្នកនិយមទទួលទានគ្រឿងស្រវឹង នឹងមានការភ្ញាក់ស្មារតី រួមគ្នាគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសរួមគ្នាលុបបំបាត់ចោលនូវទំលាប់បើកបរទាំងក្នុងស្ថានភាពស្រវឹង តាមពាក្យស្លោក«បើស្រវឹងកុំបើកបរ…»។ ជាពិសេ សូមកុំបណ្ដោយឱ្យសុរាដឹកមុខអ្នកទៅរកផ្លូវវិនាស ដែលកែប្រែជីវិតអ្នកឱ្យក្លាយជាឃាតករសម្លាប់មនុស្ស៕