សៀមរាប៖ រដ្ឋបាលជលផល នៃមន្ទីរកសិកម្មខេត្តសៀមរាប កាលពីថ្ងៃទី២២ មករា បានបើកយុទ្ធនាការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ខេត្តសៀមរាប។ នៅក្នុងយុទ្ធនាការនេះ បានបង្ក្រាប និងបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់នៅនឹងកន្លែង រួមមាន ក្បាលលប របាំងសាច់អួនប្រវែង ចម្រឹង ព្រមទាំងបានព្រលែងត្រីចម្រុះចំនួន ២០គីឡូក្រាមផងដែរ។
រដ្ឋបាលជលផល នៃមន្ទីរកសិកម្មខេត្ត បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ។ ក្នុងយុទ្ធនាការនេះ គេប្រើប្រាស់ទូកចំនួន ៣គ្រឿង និងបានចុះអនុវត្តចាប់ពីចំណុចសង្កាត់ចុងឃ្នៀស ក្រុងសៀមរាបរហូតដល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយបង្ក្រាប និងបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់នៅនឹងកន្លែង រួមមាន ក្បាលលបចំនួន ៨ និងរបាំងសាច់អួនប្រវែង ១ ៦០០ម៉ែត្រ (លើសប្រវែងកំណត់ និងលើសទំហំក្រឡាសាច់អួន) ចម្រឹងចំនួន ៤០០ដើម ព្រមទាំងបានព្រលែងត្រីចម្រុះចំនួន ២០គីឡូក្រាម។
បន្ទាប់ពីចុះអនុវត្តរួច លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានជំរុញមន្ត្រីជលផលគ្រប់លំដាប់ថ្នាក់ក៏ដូចជាអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចក្នុងមូលដ្ឋាន បន្តយកចិត្តទុកដាក់សហការគ្នាចេញត្រួតពិនិត្យ និងបន្តចុះធ្វើការត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំ ជាពិសេសត្រូវសហការតាមដានស្ថានភាពប្រជាសាស្ត្រ និងភូមិសាស្ត្រជលផលឱ្យបានច្បាស់លាស់ ដោយធ្វើការចុះស្រង់ទិន្នន័យប្រជានេសាទក្នុងមូលដ្ឋាន និងរៀបចំធ្វើផែនទីតាមគោលដៅនីមួយៗ ដើម្បីក្តាប់ជាប់នូវមុខសញ្ញាអ្នកប្រព្រឹត្តិបទល្មើសនេសាទទាំងអស់នោះ ។
សូមបញ្ជាក់ថា ការបើកយុទ្ធនាការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនេះ ដើម្បីធ្វើការអប់រំណែនាំដល់ប្រជានេសាទដែលបានប្រើប្រាស់ឧបករណ៍នេសាទខុសពីច្បាប់ស្តីពីជលផល និងដើម្បីចូលរួមការពារពូជត្រី ពិសេសក្នុងតំបន់ហាមឃាត់ តំបន់អភិរក្ស តំបន់ត្រីមេពូជ ព្រមទាំងជីវិតសត្វ ជីវៈចម្រុះក្នុងបឹងទន្លេសាប ទុកសម្រាប់កូនចៅជំនាន់ក្រោយ៕