ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានមានលើកឡើងអំពីគោលនយោបាយអាទិភាពរបស់ក្រសួងកសិកម្ម និងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យកសិកម្ម គឺជាការបង្កើតសហគមន៍កសិកម្មទំនើប ដែលមានធនធានមនុស្ស និងថវិកាគ្រប់គ្រាន់ មានការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានបច្ចេកទេស និងការចំណាយថ្លៃដើមទាប មានគុណភាព ព្រមទាំងមានផែនការផលិតជាក់លាក់ ដែលអាចផ្គត់ផ្គង់តាមតម្រូវការទីផ្សារ។
លោករដ្ឋមន្រ្តីថ្លែងបែបនេះក្នុងឳកាសចូលរួមពិភាក្សា អំពីគម្រោង និងផែនការសកម្មភាពរបស់សមាគមកសិកម្ម ដើម្បីអភិវឌ្ឍជីវភាព នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែមករានេះ ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រការចំបាច់មួយទៀត គឺការធ្វើការរួមគ្នា និងទទួលខុសត្រូវរួមគ្នា ដើម្បីប្រជាពលរដ្ឋ ព្រោះយើងមានគោលដៅរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងការជំរុញលើកកម្ពស់វិសយកសិកម្ម បង្កើនចំណូល និងផលចំណេញដល់កសិករ ក៏ដូចជាធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចលើគ្រប់អនុវិស័យទាំងអស់។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សមាគមកសិកម្ម ត្រូវពិនិត្យលទ្ធភាពចូលរួម និងធ្វើការជាមួយគម្រោង និងដៃគូអភិវឌ្ឍនានា ដែលមានគោលដៅច្បាស់លាស់ ដើម្បីលើកកម្ពស់វិស័យកសិកម្មកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដោយត្រូវធ្វើការ និងដោះស្រាយបញ្ហាជាមួយគ្នាក្នុងខ្សែច្រវាក់តម្លៃ តាំងពីការផលិតរហូតទីផ្សារ៕