681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងបរិស្ថានគ្រោងបង្កើត«ស្ថានីយបណ្តុះកូនឈើលក្ខណៈអន្តរជាតិ»នៅខេត្ត៤

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងបរិស្ថាន គ្រោងបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ ចំនួន៤កន្លែង ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ នៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប និងខេត្តត្បូងឃ្មុំ បន្ថែមពីថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថាន បានកំពុងរៀបចំតាមភូមិសាស្រ្តរៀងៗខ្លួន ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំតាមគេហដ្ឋាននិងតាមសហគមន៍។ នេះបើតាមការលើកឡើងរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន កាលពីថ្ងៃទី២២ មករា។

លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា ក្រសួងបរិស្ថាន គ្រោងបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ បន្ថែមពីថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថាន បានកំពុងរៀបចំតាមភូមិសាស្រ្តរៀងៗខ្លួន។ ស្ថានីយបណ្តុះកូនឈើដែលមានទំហំធំទាំង៤កន្លែង នៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប និងត្បូងឃ្មុំ អាចមានសមត្ថភាពបណ្តុះកូនឈើតូចៗ ជូនប្រជាពលរដ្ឋយ៉ាងតិចជាង ១លានដើម ដើម្បីយកទៅដាំតាមមូលដ្ឋាន និងតាមសហគមន៍តំបន់ការពារធម្មជាតិ។

លើសពីនេះ ស្ថានីយបណ្តុះកូនឈើនេះ នឹងបណ្តុះ និងថែទាំកូនឈើឱ្យធំល្មម ដើម្បីចែកពលរដ្ឋយកទៅដាំតាមគេហដ្ឋាន ក៏ដូចជាថែទាំកូនឈើឱ្យធំ សម្រាប់ផ្គត់ផ្គង់ដល់ការដាំនៅតាមទីក្រុង ដើម្បីធ្វើឱ្យទីក្រុងយើងស្អាត មានភាពបៃតង។ លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ នឹងទាក់ទាញបានការសិក្សាស្រាវជ្រាវពីពូជឈើ ជីវៈចម្រុះ និងជាពិសេសការបង្កើតបាននូវទេសចរណ៍គោលដៅកម្សាន្តបៃតង។

ជាមួយគ្នានោះ ក្រៅពីថ្នាលបណ្តុះកូនឈើ ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំទីតាំងកម្សាន្តបែបខ្មែរ កន្លែងបោះតង់ និងបំផ្លឺដោយអំពូលសូឡា ទុកប្រគល់ជូនប្រជាពលរដ្ឋ ក្នុងតំបន់ ឱ្យរកចំណូលបាន តាមរយៈការយកថ្លៃសេវាកម្មទេសចរណ៍ ដោយអនុវត្តនូវគោលការណ៍ស្អាត តម្លៃសមរម្យចំពោះភ្ញៀវទេសចរណ៍។

សូមជម្រាបថា គម្រោងរៀបចំស្ថានីយបណ្តុះកូនឈើនៅក្នុងភូមិសាស្រ្តទាំង៤ ជំរុញភាពបៃតង ដែលជាមុំដ៏សំខាន់មួយក្នុងចំណោមមុំបី នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ រួមមាន ស្អាត បៃតង និងចីរភាព ដែលបាននិងកំពុងផ្សព្វផ្សាយ ព្រមទាំងអនុវត្តយ៉ាងសកម្ម ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕


Khcct banner

អត្ថបទទាក់ទង