Cctimesw1140xh150cm copy

សីតុណ្ហភាពនៅវៀតណាមខាងជើងធ្លាក់ចុះដល់សូន្យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ក្មេងៗ​កម្តៅ​ខ្លួន​នៅ​មុខ​ភ្លើង​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម​ក្នុង​ខែ​ធ្នូ ឆ្នាំ 2023/ VN Express

វៀតណាម៖ តំបន់ភ្នំនៃភាគខាងជើងប្រទេសវៀតណាមចុះត្រជាក់ដល់សូន្យអង្សារសេមិនធ្លាប់មានពីមុនមក ស្របពេលដែលតំបន់មួយចំនួនទៀតទទួលរងឥទ្ធិពលចុះត្រជាក់ជាខ្លាំងមិនធ្លាប់មានក្នុងប្រទេសវៀតណាម។ លោក Hoang Phuc Lam អនុប្រធានមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានជលសាស្ត្រ និងឧតុនិយមវៀតណាមបានអះអាងថា ខ្យល់ត្រជាក់នឹងប៉ះពាល់ដល់តំបន់ភ្នំជាមុនសិន មុននឹងពង្រីកដល់តំបន់ភាគខាងកើត និងភាគខាងជើងនៃប្រទេសវៀតណាម និងតំបន់ដីសណ្តទន្លេក្រហម ដោយចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះ រលកនៃខ្យល់ត្រជាក់នឹងបន្តបក់បោកតំបន់ជាច្រើនថែមទៀត ជាមួយនឹងសីតុណ្ហភាពពេលថ្ងៃជាមធ្យមក្រោម ១៥ អង្សារសេ។

សម្រាប់លោក Hoang Phuc Lam រលកនៃខ្យល់ត្រជាក់នឹងមានរយៈពេលយ៉ាងហោចណាស់រហូតដល់ថ្ងៃទី ២៨ ខែមករា ដោយរយៈពេលត្រជាក់បំផុតគឺចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមករា។ តំបន់ទំនាបនឹងឃើញមានសីតុណ្ហភាពទាបបំផុតកត់ត្រាដល់១០អង្សារសេ និងតំបន់មួយចំនួនទៀតចុះត្រជាក់ដល់សូន្យអង្សារសេ។

សេវាកម្មព្យាករណ៍អាកាសធាតុរបស់សហរដ្ឋអាម៉េរិក AccuWeather បានព្យាករណ៍ថា សីតុណ្ហភាពនៅទីក្រុងហាណូយនៅថ្ងៃសុក្រសប្តាហ៍នេះនឹងមានកម្រិត ២០-២៧ អង្សារសេ មុនពេលធ្លាក់ចុះយ៉ាងឆាប់រហ័សដល់ ១៣-២០ អង្សារសេនៅថ្ងៃអាទិត្យ។

ការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការបង្ការគ្រោះមហន្តរាយធម្មជាតិវៀតណាមបានស្នើឱ្យតំបន់ភាគខាងជើង និងភាគកណ្តាលនៃប្រទេសវៀតណាម ត្រួតពិនិត្យរបាយការណ៍អំពីសីតុណ្ហភាពត្រជាក់បែបនេះ ក៏ដូចជាការដាក់ពង្រាយវិធានការធានាសុវត្ថិភាពសម្រាប់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងតំបន់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង