កំពង់ឆ្នាំង៖ មត្តេយ្យសហគមន៍ សន្ដិភាព ភូមិទឹកល្អក់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៦ មករា កន្លងទៅនេះ នៅភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មត្តេយ្យសហគមន៍ សន្ដិភាព ភូមិទឹកល្អក់ រៀបចំឡើងក្រោមអធិបតីភាពលោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។
មត្តេយ្យសហគមន៍ សន្ដិភាព ភូមិទឹកល្អក់ ដែលស្ថិតនៅភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ ការសាងសង់មត្តេយ្យសហគមន៍ សន្ដិភាព ទឹកល្អក់ គឺជាគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា និងសហគមន៍ភូមិទឹកល្អក់ ហើយទទួលបានការឧបត្ថម្ភដោយ ក្រុមហ៊ុន ក្រេឌីត បូរ៉ូ (ខេមបូឌា) ខូ អិលធីឌី។
នាឱកាសនេះដែរលោក មានប្រសាសន៍ថា ការអប់រំកម្រិតមត្តេយ្យសិក្សាមុននឹងឈានចូលដល់ថ្នាក់បឋមសិក្សា នឹងជួយបង្កើតនូវទម្លាប់អានសៀវភៅ និងមានឥរិយាបថសមរម្យតាំងពីកុមារ ព្រមទាំងជួយកុមារឱ្យមានវិន័យល្អ សីលធ៌ម និងអាចសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលមានកូនតូចៗអាចមានពេលវេលាក្នុងការប្រកបរបរចិញ្ចឹមជីវិត។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានឱ្យដឹងថា មត្តេយ្យសហគមន៍ សន្ដិភាព ភូមិទឹកល្អក់ នឹងឱ្យកុមារទាំងអស់ក្នុងសហគមន៍ មានភាពងាយស្រួល និងអាចចូលសិក្សាបានគ្រប់ៗគ្នា។ ជាពិសេសមត្តេយ្យសហគមន៍នឹងក្លាយកន្លែងចាប់ផ្តើមដំបូងរបស់កុមារនៅក្នុងសហគមន៍ និងជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ ដើម្បីផ្សារភ្ជាប់បន្តទៅកាន់កម្រិតសិក្សានូវកម្រិតបន្ទាប់នៅគ្រឹះស្ថានសិក្សារបស់រដ្ឋ។
គួរបញ្ជាក់ថា មត្តេយ្យសហគមន៍ សន្តិភាព ភូមិទឹកល្អក់នេះ មានអគារមួយខ្នងពីរបន្ទប់ និងរៀបចំឱ្យមានសៀវភៅ សម្ភារៈសិក្សា តុកៅអី ក្ដារខៀន បន្ទប់ទឹក កន្លែងលាងដៃ និងមានទីធ្លា និង សួនច្បារ សួនកម្សាន្តធំទូលាយសម្រាប់កុមារ ដែលអាចអាចឱ្យកុមារនៅក្នុងសហគមន៍ប្រហែល ៥០ នាក់បានចូលរៀន៕