681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជា-កូរ៉េ រួមគ្នាជួសជុលថ្ម«ប្រាសាទជម» រងការខូចខាតប្រមាណជាង៧០០ដុំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា និង កូរ៉េ រួមគ្នាជួសជុលពង្រឹងថ្មប្រាសាទជម ដែលរងការខូចខាត ដូចជាបែកបាក់ និងពុកផុយចំនួនជាង៧០០ដុំ ឱ្យមានភាពរឹងមាំអាចប្រើប្រាស់ឡើងវិញបាន មុននឹងយកទៅរៀបដាក់នៅទីតាំងដើម ហើយបច្ចុប្បន្ននេះក្រុមការងារទាំង២ បានជួសជុល តភ្ជាប់ ពង្រឹងថ្មឱ្យមានគុណភាពអាចប្រើការបានជាង៤៨៩ដុំហើយ ។

អ្នកស្រី នឿង ភីរ៉ា បុគ្គលិកបច្ចេកទេសទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ បានឱ្យដឹងថា ចំនួនថ្មប្រាសាទជម ដែលរងការខូចខាត បាក់បែកត្រូវការតភ្ជាប់ថ្មថ្មី និងយកបំណែកថ្មដែលបាក់បែកមកផ្គុំតគ្នាឡើងវិញ និងមួយចំនួនទៀតត្រូវធ្វើការពង្រឹងទៅតាមបច្ចេកទេសដើម្បីយកទៅប្រើប្រាស់ឡើងវិញ សរុបមានចំនួនពី៦០០ដុំ ទៅ៧០០ដុំ។ មកដល់បច្ចុប្បន្ននេះ ក្រុមការងារបានជួសជុល តភ្ជាប់ ពង្រឹងថ្មឱ្យមានគុណភាពអាចប្រើការបានជាង៤៨៩ដុំហើយ និងយកទៅរក្សាទុកនៅឃ្លាំងនៅក្បែរការដ្ឋានជួសជុលប្រាសាទជម ដើម្បីឱ្យក្រុមអ្នកជួសជុលយកទៅប្រើប្រាស់រៀបដាក់ទីតាំងដើមជាបន្តបន្ទាប់។

អ្នកស្រី ភីរ៉ា ឱ្យដឹងទៀតថា ដំណាក់កាលដំបូង មុននឹងយកថ្មមកជួសជុល គឺត្រូវត្រួតពិនិត្យការខូចខាតនៃថ្ម ដើម្បីរៀបចំជាឯកសារបច្ចេកទេស និងថតរូប។ ដំណាក់កាលទី២ យកថ្មទាំងនោះមកសម្អាតជាមួយនិងទឹកគ្មានជាតិរ៉ែនូវផ្ទៃដែលត្រូវតភ្ជាប់។ ក្រោយពីសម្អាតរួចរាល់ ប្រើម៉ាស៊ីនUltrasonic Pulse Velocity Measurement Instruments ពិនិត្យមើលគុណភាពថ្ម ដើម្បីដឹងពីគុណភាព ដែលអាចប្រើចំនួន និងទំហំនៃដែកឬពន្លួញពេលជួសជុលតភ្ជាប់គ្នា។ ដំណាក់កាលទី៣ បំពេញថ្មថ្មីនៅកន្លែងដែលបាក់បែកបាត់បង់ថ្មនៃផ្នែកណាដែលចាំបាច់។ ដំណាក់កាលទី៤ បិទបំពេញបាយអរជុំវិញថ្នេរដែលបានតភ្ជាប់។

អ្នកជំនាញរូបនេះ បន្តថា ការងារនេះមានការពិបាកជាខ្លាំង ត្រូវការអត់ធ្មត់ និងផ្ចិតផ្ចង់ធ្វើយ៉ាងណា កុំឱ្យប៉ះពាល់ខូចខាតដល់ថ្មចាស់ទៅថ្ងៃក្រោយទៀត។ ក្នុងនោះដែរ អ្នកស្រី នឿង ភីរ៉ា បញ្ជាក់ថា ក្រៅពីថ្មជួសជុលប្រាសាទជម រាប់រយដុំ គឺក្រុមការងារបានជួសជុលថ្មមកពីការដ្ឋានជួសជុលនៅលានជល់ដំរីចំនួន២ទីតាំងថែមទៀតផង៕


Khcct banner

អត្ថបទទាក់ទង