681 ezgif.com resize
Moneygramott moi1280x163px

កម្ពុជាមិនទទួលយកការឧបត្ថម្ភនិងផ្សព្វផ្សាយផលិតផល«ថ្នាំជក់»ក្នុងព្រឹត្តិការណ៍កីឡាគ្រប់រូបភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសមិនទទួលការឧបត្ថម្ភ និងផ្សព្វផ្សាយផលិតផលថ្នាំជក់ក្នុងព្រឹត្តិការណ៍កីឡាឡើយ ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់និងលើកម្ពស់វិស័យកីឡាឱ្យកាន់តែរីកចម្រើន។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តគោលការណ៍កីឡាគ្មានថ្នាំជក់ នាព្រឹកថ្ងៃទី១៧ខែមករា ឆ្នាំ ២០២៤នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការអនុវត្តកីឡាគ្មានថ្នាំជក់នេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌កីឡាគ្មានថ្នាំជក់ និងពង្រឹងសមត្ថភាពប្រកួតជាអតិបរមា និងទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពរបស់កីឡាករ កីឡាការិនី អ្នករៀបចំ ទស្សនិកជន ជាពិសេសយុវជន និងកុមារពីការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក ឬផលិតផលអេចឈ៍ ធី ភី (HTPs)។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការអនុវត្តកីឡាគ្មានថ្នាំជក់នេះ មិនមែនមានតែកម្ពុជានោះទេ គឺលើពិភពលោកបានអនុវត្ដរួចហើយ ដើម្បីលើកម្ពស់វិស័យកីឡាឱ្យមានការរីកចម្រើន។ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលនឹងខិតខំកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ ហើយនាំឱ្យវិស័យកីឡាមានការធ្លាក់ចុះ។

លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ មានប្រសាសន៍ថា ការអនុវត្តគោលការណ៍ “កីឡាគ្មានថ្នាំជក់” គឺផ្ដោតសំខាន់ទៅលើការហាមឃាត់មិនឱ្យទទួលការឧបត្ថម្ភពីក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូនិក ឬក្រុមហ៊ុនផលិតផលអេចឈ៍ ធី ភី (HTPs)ក្នុងព្រឹត្តិការណ៍កីឡា ទោះក្នុងទម្រង់ ឬគោលបំណងណាក៏ដោយ រួមទាំងហាមមិនឱ្យសហការ ឬផ្តល់ទីកន្លែងសម្រាប់រៀបចំកម្មវិធីណាមួយរបស់ក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូនិក ឬផលិតផលអេចឈ៍ ធី ភី (HTPs)។

សូមបញ្ជាក់ថា គោលការណ៍“កីឡាគ្មានថ្នាំជក់”នេះ ត្រូវបានអនុវត្តន៍ ប្រកបដោយជោគជ័យនៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកន្លងមក ។ គោលការណ៍“កីឡាគ្មានថ្នាំជក់”នេះ ក៏ជាការបន្តវប្បធម៌កីឡាគ្មានថ្នាំជក់ដែលគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៨៨ មកម្លេះ៕


Khcct banner

អត្ថបទទាក់ទង