ភ្នំពេញ៖ AISSEC បានសហការជាមួយនឹងសហគ្រិនខ្មែរដើម្បីរៀបចំការប្រកួតមួយសម្រាប់យុវជនដើម្បីពង្រឹងយុវជនដែលជានិស្សិត ឱ្យមានឱកាសក្នុងការបញ្ចេញសមត្ថភាព និងគំនិតអាជីវកម្មរបស់ខ្លួនក្នុងពិភពអាជីវកម្ម។
បើតាមការប្រកាសក្នុងគេហទំព័ររបស់ Youth 2 Business Hackathon បានឱ្យដឹងថា កម្មវិធីនេះនឹងត្រូវធ្វើឡើងសម្រាប់សិស្សនិស្សិត ដើម្បីឱ្យយុវជនមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញមកពីពិភពអាជីវកម្ម ទទួលបានការយល់ដឹងដ៏មានតម្លៃទាក់ទងនឹងអាជីវកម្ម និងបង្ហាញជំនាញ និងទេពកោសល្យទៅកាន់និយោជកដែលមានសក្តានុពល។
លើសពីនេះយុវជន នឹងមានឱកាសធ្វើការលើបញ្ហាពិភពជំនួញពិតប្រាកដ និងបង្ហាញដំណោះស្រាយរបស់អ្នកដល់អ្នកវាយតម្លៃ។ លក្ខខណ្ធនៃការចូលរួម យុវជនត្រូវតែជានិស្សិតថ្នាក់បរិញ្ញាបត្រ ឬជាសិស្សសាលាជាក្រុមដែលមានក្រុមដែលមានសមាជិកយ៉ាងតិច 3 នាក់ និងអតិបរមា 4 នាក់ ដែលមានឈ្មោះក្រុម និងប្រធានក្រុម។
ពានរង្វាន់នៅក្នុងកម្មវីធីនេះត្រូវបានបែងចែកជាបី គឺ ពានរង្វាន់លេខ១នឹងទទួលបានជាសាច់ប្រាក់ ៤លានរៀល ជ័យលាភីលេខ២ទទួលបាន ២លានរៀល ចំណែកឯជ័យលាភីលេខ៣ទទួលបាន ១លាន៥០ម៉ឺនរៀល។សម្រាប់ព័ត៌មានបន្ថែមក្នុងការចុះឈ្មោះ យុវជនអាចចូលទៅកាន់គេហទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Youth to Business Cambodia។
Youth to Business Hackathon គឺជាព្រឹត្តិការណ៍ពិសេសមួយដែលប្រមូលផ្តុំយុវជន និងអ្នកជំនាញមកពីពិភពអាជីវកម្ម ដើម្បីដោះស្រាយបញ្ហាអាជីវកម្មក្នុងពិភពពិត។ កម្មវិធី hackathon ត្រូវបានរចនាឡើងដើម្បីភ្ជាប់គម្លាតរវាងយុវជន និងធុរកិច្ច និងផ្តល់វេទិកាសម្រាប់យុវជនដើម្បីបង្ហាញពីជំនាញ និងទេពកោសល្យរបស់ពួកគេទៅកាន់ពិភពអាជីវកម្ម៕