![](https://cdn.cc-times.com/kh.cc-times.com/media/43029/large/photo_2024-01-17_14-30-26.jpg?1705476680)
សៀមរាប៖ អាជ្ញាធរជាតិអប្សរាអំពាវនាវដល់អ្នកបើកបរយានយន្តដឹកភ្ញៀវទេសចរ ត្រូវរក្សាសណ្ដាប់ធ្នាប់ចតយានយន្តនៅក្នុងចំណតត្រឹមត្រូវ។ ការមិនចតយានយន្ដ នៅចំនតឱ្យបានត្រឹមត្រូវ បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គ្មានរបៀបរៀបរយ ព្រមទាំងបង្កឱ្យមានភាពកកស្ទះចរាចរណ៍នៅតាមដងផ្លូវ នឹងក៏អាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ពេលបច្ចុប្បន្ននេះ អ្នកបើករថយន្តគ្រប់ធុន និងរ៉ឺម៉កដឹកភ្ញៀវទេសចរខ្លះមិនព្រមចូលទៅចតយានយន្តតាមការណែនាំរបស់ភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការនៅទីនោះឱ្យបានត្រឹមត្រូវឡើយ បែរជាទៅចតនៅតាមចិញ្ចើមផ្លូវដើម្បីចាំទទួលភ្ញៀវនិងចតខុសកន្លែងជាដើម។ បញ្ហានេះ វាមិនត្រឹមតែធ្វើឱ្យមានគំរូអាក្រក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាក៏បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គ្មានរបៀបរៀបរយ ព្រមទាំងបង្កឱ្យមានភាពកកស្ទះចរាចរណ៍នៅតាមដងផ្លូវ នឹងក៏អាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
![](https://cdn.cc-times.com/kh.cc-times.com/media/43030/large/photo_2024-01-17_14-30-55.jpg?1705476691)
អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ កញ្ញា នៅ ចិន្តា បានឱ្យដឹងថា បើទោះជាអ្នកបើកបររថយន្ត និងរ៉ឺម៉កដឹកភ្ញៀវទេសចរជាច្រើនបានយល់ដឹង និងធ្វើតាមការណែនាំរបស់បុគ្គលិកដោយចូលចតរថយន្តនៅក្នុងចំណតបានត្រឹមត្រូវក្តី ក៏ប៉ុន្តែអ្នកបើករថយន្តជា រ៉ឺម៉កដឹកភ្ញៀវខ្លះ នៅតែមិនព្រមសហការជាមួយអាជ្ញាធរក្នុងការជួយរក្សាសណ្ដាប់ធ្នាប់សារធារណៈនៅឡើយទេ។ ក្រុមអ្នកបើករ៉ឺម៉កខ្លះ នៅតែចតរ៉ឺម៉កនៅលើចិញ្ចើមផ្លូវដែលជាកន្លែងហាមឃាត់ ដើម្បីចាំទទួលយកភ្ញៀវដែលចេញពីទស្សនាអង្គរ និងមួយចំនួនទៀត បានចតរថយន្តឬរ៉ឺម៉កនៅចំផ្លូវចេញ-ចូលរំខានដល់គេឯងជាដើម។
អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ក្រុមអ្នកបើកបររយន្ត ឬរ៉ឺម៉កដឹកភ្ញៀវទេសចរទាំងឡាយដែលមិនទាន់បានគោរពតាមគោលការណ៍ណែនាំឱ្យបានត្រឹមត្រូវទាំងអស់ មេត្តាយោគយល់ និងសហការជាមួយបុគ្គលិកដែលប្រចាំការនៅទីនោះ ធ្វើយ៉ាងណាចតយានយន្តនៅក្នុងចំណតឱ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយ ដើម្បីរួមគ្នារក្សាសណ្ដាប់ធ្នាប់សាធារណៈឱ្យបានប្រសើរ៕
![](https://cdn.cc-times.com/kh.cc-times.com/media/43031/large/photo_2024-01-17_14-30-47.jpg?1705476703)