ភ្នំពេញ៖ យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងពីរសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប ៥១ករណី និងឃាត់ខ្លួនជនសង្ស័យបាន ១២០នាក់ ដើម្បីចាត់ការតាមនីតិវិធី។ នេះបើតាមការឲ្យដឹងពីលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងរូបនេះ បានបញ្ជាក់ថា ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ក៏ដូចជាកម្រិតធ្ងន់ បាននឹងកំពុងធ្វើការជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោមការបញ្ជារផ្ទាល់ពី ស្នងការនគរបាលរាជធានីខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស បានដាក់វិធានការបង្ការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងដែលមួយចំនួនបានសង្កេតឃើញថាបានបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ និង គ្រឹះស្ថានអប់រំរដ្ឋ ឯកជនមួយចំនួន។
លោក ទូច សុឃៈ ក៏បានបញ្ជាក់បន្ថែមថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ ដែលត្រូវដោះស្រាយ នៅទូទាំងប្រទេសក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ តាមទស្សនៈ អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕