Cctimesw1140xh150cm copy

អ្នកស្រី ឡេង រដ្ឋា ផ្ដាច់ខ្លួនពីការងារបែបប្រពៃណី ទៅជាអ្នកផលិតរបស់ប្រើប្រាស់ពីកំប្លោក

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អច្ឆរិយភាពនៃទន្លេមេគង្គ

បាត់ដំបង៖ ភូមិបណ្តែតទឹក «ព្រែកទាល់» ស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ គេអាច ទៅដល់ភូមិនេះបាន តាមរយៈការជិះទូក ប៉ុន្ដែសហគមន៍នេះ តែងតែជួបឧបសគ្គ និងការលំបាកក្នុងការធ្វើដំណើរតាមទូក ដោយសារតែកំប្លោកមករាំងស្ទះផ្លូវទឹកជារៀងរាល់ឆ្នាំ។ ទោះបីជាយ៉ាងមានពលរដ្ឋម្នាក់ ដែលបានប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាប្រាក់ចំណូល តាមរយៈការផ្ដាច់ខ្លួនពីការងារបែបប្រពៃណី ទៅជាអ្នកផលិតរបស់ប្រើប្រាស់ពីកំប្លោក នោះគឺអ្នកស្រី ឡេង រដ្ឋា។

អ្នកស្រី ឡេង រដ្ឋា រស់នៅក្នុងភូមិបណ្តែតទឹកព្រែកទាល់នេះ តាំងពីកុមារភាពមកម្ល៉េះ។ ឪពុកម្តាយរបស់អ្នកស្រី គឺជាអ្នកនេសាទ។ ដោយទទួលបានការបំផុសគំនិតពីអង្គការ Osmose ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ មានបេសកកម្មលើកកម្ពស់ជីវិតរបស់ស្ត្រីនៅក្នុងសហគមន៍ជនបទ អ្នកស្រី រដ្ឋា ក៏ទទួលបានជំនាញតម្បាញកម្រាល កន្ត្រក និងរបស់របរប្រើប្រាស់ផ្សេងៗ ទៀតពីកំប្លោក ពីអង្គការនេះ។

រូបភាព៖ អច្ឆរិយភាពនៃទន្លេមេគង្គ

អ្នកស្រី រដ្ឋា បានចាប់ផ្តើមអាជីពជាអ្នកផលិតរបស់ប្រើប្រាស់ពីកំប្លោក នៅក្នុងអង្គការ Osmose នាឆ្នាំ២០០៨។ ដល់ឆ្នាំ២០១៩ អ្នកស្រី រដ្ឋា បានចាកចេញពីអង្គការ ហើយក៏ចាប់ផ្តើមប្រកបរបរនេះដោយខ្លួនឯង។ បច្ចុប្បន្ននេះ អ្នកស្រី រដ្ឋា លក់ផលិតផលតម្បាញពីកំប្លោក ដល់អ្នកស្រុក និងភ្ញៀវទេសចរណ៍ នៅលើផ្ទះបណ្តែតទឹករបស់គាត់ ផ្ទាល់តែម្តង។

គំនិតផ្តួចផ្តើមរបស់អ្នកស្រី រដ្ឋា មិនត្រឹមតែផ្តល់ឱ្យអ្នកស្រីនូវអាជីវកម្ម ប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យអ្នកស្រី អាចផ្តាច់ខ្លួនចេញពីការងារបែបប្រពៃណី គឺការស្វែងរកប្រាក់ចំណូលពីការស៊ីឈ្នូលធ្វើត្រីប្រហុក ដែលអ្នកស្រីធ្លាប់បានធ្វើកន្លងមកនោះ។ ហើយផលិតផលរផលិតពីកំប្លោករបស់អ្នកស្រី រដ្ឋា អាចធានាបាននូវប្រភពចំណូលគួរឱ្យទុកចិត្តជាងមុន។ លើសពីភាពជោគជ័យរបស់ខ្លួន អ្នកស្រី រដ្ឋា បានចែករំលែកជំនាញរបស់អ្នកស្រីជាមួយយុវតី និងក្រុមគ្រួសារផ្សេងទៀត នៅក្នុងសហគមន៍ផងដែរ ដោយអ្នកស្រីសង្ឃឹមថា នឹងជួយជំរុញឱ្យមានឯករាជ្យភាព និងការផ្លាស់ប្តូរជាវិជ្ជមានមួយ។

សូមបញ្ជាក់ថា ភូមិបណ្តែតទឹក «ព្រែកទាល់» ស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ពីចំណតទូកទេសចរណ៍ តំបន់ចុងឃ្នៀស ក្នុងខេត្តសៀមរាប គឺជាភូមិបណ្តែតទឹក ដែលរងផលរំខានដោយសារកំប្លោកនេះ។ គេអាច ទៅដល់ភូមិនេះបាន តាមរយៈមធ្យោបាយតែមួយគត់ប៉ុណ្ណោះ គឺជិះទូក។ សហគមន៍នេះ តែងតែជួបឧបសគ្គ និងការលំបាកក្នុងការធ្វើដំណើរតាមទូក ដោយសារតែកំប្លោកមករាំងស្ទះផ្លូវទឹកជារៀងរាល់ឆ្នាំ ជាពិសេសនៅដើមរដូវវស្សា ខណៈជំនន់ទឹកភ្លៀងក្នុងស្ទឹងសង្កែ ចាប់ផ្តើមហូរចាក់ចូលទៅក្នុងបឹងទន្លេសាប ដោយបាននាំទាំងកំប្លោកយ៉ាងច្រើនឥតគណនា មកបិទចរាចរណ៍តាមផ្លូវទឹក ក្នុងភូមិទាំងស្រុងតែម្តង៕

រូបភាព៖ អច្ឆរិយភាពនៃទន្លេមេគង្គ
រូបភាព៖ អច្ឆរិយភាពនៃទន្លេមេគង្គ
រូបភាព៖ អច្ឆរិយភាពនៃទន្លេមេគង្គ


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង