កម្ពុជា៖ នៅដើមឆ្នាំ២០២៤នេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានចុះអនុវត្ដជំរឿនសត្វស្លាបអាស៊ីក្នុងតំបន់រ៉ាមសារស្ទឹងសែន និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ។ នៅក្នុងក្នុងការធ្វើជំរឿននេះ អង្គការជីវិតធម្មជាតិ បានកត់ត្រានូវប្រភេទសត្វស្លាបទឹកចំនួន ៣១ប្រភេទ ក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ និង ៣៣ប្រភេទ ក្នុងតំបន់រ៉ាមសារស្ទឹងសែន។
ជារៀងរាល់ឆ្នាំ ក្នុងខែមករា និងកុម្ភះជារយៈពេលដែលក្រុមតាមដានជីវៈចម្រុះទាំងអស់ចូលរួមក្នុងការធ្វើជំរឿនសត្វស្លាបក្នុងតំបន់ការពារធម្មជាតិសំខាន់ ដែលជាឱកាសល្អក្នុងការផ្ដល់នូវទស្សនីយភាព និងព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ពីស្ថានភាពសត្វស្លាបទឹកក្នុងតំបន់ការពារធម្មជាតិសំខាន់ៗទូទាំងពិភពលោក។
ក្នុងឆ្នាំ២០២៤នេះ ក្រុមការងារបឹងទន្លេសាបនៃអង្គការជីវិតធម្មជាតិនៅកម្ពុជាបានចុះអនុវត្ដជំរឿនសត្វស្លាបអាស៊ីក្នុងតំបន់រ៉ាមសារស្ទឹងសែន និងតំបន់រ៉ាមសារបឺងទន្លេឆ្មារ ដោយមានការសហការចូលរួមពីមន្រ្ដីឧទ្យានុរក្សចំនួន ២៤រូប គណៈកម្មការសហគមន៍ ចំនួន ១០រូប និងក្រុមការងារចំនួន ៣ រូប។ ក្រុមល្បាតទាំងអស់ត្រូវបានបែងចែកជា ៧ ក្រុមទៅតាមចំណុចគោលដៅសំខាន់ដែលសំបូរវត្ដមានសត្វស្លាបទឹក ហើយត្រូវកត់ត្រាប្រមូលនិងបូកសរុបតាមកម្មវិធីស្មាត (SMART Mobile) និងកំណត់ត្រាសត្វស្លាប។
តាមរយៈកិច្ចសហការក្នុងការធ្វើជំរឿននេះ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានកត់ត្រានូវប្រភេទសត្វស្លាបទឹកចំនួន ៣១ ប្រភេទក្នុងតំបន់រ៉ាមសារបឹងទន្លេឆ្មារ និង ៣៣ ប្រភេទក្នុងតំបន់រ៉ាមសារស្ទឹងសែន ក្នុងនោះគេបានប្រទះឃើញមានប្រភេទជិតទទួលរងការគំរាមកំហែងចំនួន ៣ ប្រភេទ រួមមានសត្វចាបពូកទ្រូងលឿង ស្មោញ និងអកត្រីក្បាលប្រផេះ។
គួរបញ្ជាក់ថា តំបន់រ៉ាមសារទាំងពីរនេះជាតំបន់ដីសើមដ៏សំខាន់ក្នុងការផ្ដល់ជាទីជម្រក និងកន្លែងរកចំណីដ៏សំខាន់សម្រាប់សត្វស្លាបទឹក និងជីវៈចម្រុះសំខាន់ផ្សេងទៀត។ ជារៀងរាល់ឆ្នាំ គេសង្កេតឃើញថា ចាប់ពីខែមីនា រហូតដល់ខែឧសភាគឺជាពេលវេលាដ៏សមស្របសម្រាប់សត្វស្លាបទឹកជាច្រើនប្រភេទបំលាស់ទីមករកចំណីកក្នុងតំបន់រ៉ាមសារទាំងពីរនេះកំឡុងពេលទឹកស្រក៕