សៀមរាប៖ ខឿនព្រះលានជល់ដំរី មានសភាពស្រុត និងទ្រេតខ្លាំង ដោយសារតែឬសឈើដុះចាក់ចូលទៅក្នុងរចនាសម្ពន្ធធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើមបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម ជាហេតុធ្វើឱ្យទឹកហូរច្រោះចូលទៅតាមប្រហោងថ្មនាំល្បាយដីខ្សាច់ចេញមកក្រៅជាដើម។ បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលរចនាសម្ពន្ធមួយចំនួនរបស់ព្រះលានជល់ដំរី ដែលរងការខូចខាតឱ្យប្រសើរឡើងវិញ។
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាដែលសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) កំពុងដំណើរការជួសជុលរចនាសម្ពន្ធមួយចំនួនរបស់ព្រះលានជល់ដំរី ដែលរងការខូចខាតឱ្យប្រសើរឡើងវិញ។ ជាច្រើនខែមកនេះ ក្រុមអ្នកជំនាញបានរើថ្មកម្រាល និងជញ្ជាំងខឿនមួយផ្នែកដែលក្រៀកចេញ ដើម្បីពិនិត្យមើលស្ថានភាពជញ្ជាំងថ្មបាយក្រៀម និងរៀបថ្មភក់ ថ្មបាយក្រៀមទាំងនោះទៅតាមកន្លែងដើមឡើងវិញ ហើយចំពោះកន្លែងខ្លះដែលថ្មខូច គឺព្យាយាមជួសជុល ប៉ុន្តែ បើនៅតែមិនអាចជួសជុលបានទេ គឺត្រូវដាក់ថ្មថ្មីតិចតួចដើម្បីជំនួស។
អ្នកគ្រប់គ្រងគម្រោងមូលនិធិបេតិកភណ្ឌកូរ៉េ លោក PARK JIMIN មានប្រសាសន៍ថា ការជួសជុលព្រះលានជល់ដំរីកំពុងធ្វើនៅទីតាំងចំនួន២ផ្សេងគ្នា គឺនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងផ្នែកខាងត្បូង ប្រវែង១៥ម៉ែត្រ។ ក្នុងដំណើរការជួសជុលក្រុមអ្នកបច្ចេកទេសផ្តោតការអនុវត្តលើការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្នុង និងខាងក្រោម ព្រមទាំងរៀបផ្គុំជញ្ជាំងនៃខឿនដែលទ្រេត និងថ្មពុកផុយឱ្យល្អឡើងវិញទៅតាមទម្រង់ដើម។
លោក PARK JIMIN បានឱ្យដឹងទៀតថា តាមការរកឃើញនៅទីតាំងទាំងពីរនេះ មានសភាពប្រហាក់ប្រហែលគ្នា គឺផ្ទៃជញ្ជាំងបានទ្រេតខ្លាំង អាចនឹងរលំ ព្រមទាំងថ្មបាយក្រៀម និងថ្មភក់ខ្លះបានពុកផុយបណ្ដាលមកពីអាយុកាល និងទឹកភ្លៀងហូរច្រោះខាងក្រោមធ្វើឱ្យគ្រឹះខាងក្រោមបាតបង់លំនឹង។
លោក ព្រំ ទិត្យឆពណ្ណរិទ្ធ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេស មានប្រសាសន៍ថា មូលហេតុសំខាន់ៗមួយចំនួនដែលធ្វើឱ្យគ្រឹះជញ្ជាំងស្រុត និងទ្រេតខ្លាំង ដោយសារតែគ្រឹះខាងក្រោមមានកន្លែងខ្លះស្រុត បណ្ដាលមកពីឬសឈើដុះចាក់ចូលទៅក្នុងរចនាសម្ពន្ធធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើមបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម ជាហេតុធ្វើឱ្យទឹកហូរច្រោះចូលទៅតាមប្រហោងថ្មនាំល្បាយដីខ្សាច់ចេញមកក្រៅជាដើម៕