ភ្នំពេញ៖ ចិនបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបច្ចេកទេស (TVET) និងថ្នាក់ឧត្តមសិក្សា ក៏ដូចជាការគ្រប់គ្រងលើអាហារូបករណ៍រវាងមន្ទីរអប់រំ នៃតំបន់ស្វយ័ត Guangxi Zhuang និងក្រសួងអប់រំកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងាររវាងក្រសួងអប់រំកម្ពុជា និងនាយកដ្ឋានអប់រំប្រចាំតំបន់ស្វយ័តខេត្តក្វាងស៊ី កាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤។
ជំនួបនេះរៀបចំឡើងក្នុងមានគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបច្ចេកទេស (TVET) និងថ្នាក់ឧត្តមសិក្សាក៏ដូចជាការគ្រប់គ្រងលើអាហារូបករណ៍រវាងមន្ទីរអប់រំ នៃតំបន់ស្វយ័ត Guangxi Zhuang និងក្រសួងអប់រំកម្ពុជា។
ភាគីចិនតាមរយៈលោក LIU Youyi អគ្គនាយកនៃនាយកដ្ឋានអប់រំប្រចាំតំបន់ស្វយ័តខេត្តក្វាងស៊ី បានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាពិសេសលើការងារលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងនិងសម្បូរបែបតាមរយៈការបង្កើនកម្មវិធីអាហារូបករណ៍ និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។
ក្នុងឱកាសនេះដែរលោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ភាគីចិនបានបញ្ជូនអ្នកជំនាញចិនចំនួនបីរូបទៅធ្វើការនៅ SEAMEO TED រយៈពេលមួយឆ្នាំ ក្នុងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងការងារសិក្សាស្រាវជ្រាវនៅវិទ្យាល័យទូទៅមួយចំនួន និងនៅគ្រឹះស្ថានឧត្តមសិក្សាក៏ដូចជាការសម្របសម្រួលកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង SEAMEO TED និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មួយចំនួនរបស់ចិន៕