ភ្នំពេញ៖ រដ្ឋបាលជលផល បានជូនដំណឹងដល់ប្រជានេសាទឱ្យផ្អាកការធ្វើនេសាទត្រីកាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ព្រោះជារដូវបន្តពូជ និងពងកូន។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃរដ្ឋបាលជលផល បានជូនដំណឹងដល់ប្រជានេសាទនៅតំបន់ឆ្នេរសមុទ្រឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ជារដូវបន្តពូជ និងពងកូន ត្រីកាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រនៃប្រទេសកម្ពុជា។
ដូច្នោះដើម្បីធានាបាននិរន្តរភាព នៅក្នុងធម្មជាតិ រដ្ឋបាលជលផលបានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង ឬប្លាធូ ទាំងអស់ ឲ្យផ្អាក់សកម្មភាពការនេសាទត្រីកាម៉ុង «ប្លាធូ» តាមពេលវេលាដែលបានកំណត់នៅក្នុងសេចក្ដីជូនដំណឹងនេះ។
រដ្ឋបាលជលផល ក៏បានគូសបញ្ជាក់ដល់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង «ប្លាធូ» ទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹង ដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រឲ្យមាននិរន្តរភាព៕