សៀមរាប៖ កម្ពុជា បានរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» កាលពីថ្ងៃទី១៣ មករា នៅក្នុងខេត្តសៀមរាប។ កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលផ្ដោតលើវិស័យអាទិភាពចំនួន៦ គឺនយោបាយ ផលិតកម្ម កសិកម្ម ថាមពល សន្ដិសុខ និង ការផ្លាស់ប្ដូរវាងប្រជាជន និងប្រជាជន។
បើតាមប្រសាសន៍លោក សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជាចិន ដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា ចិន ឱ្យកាន់តែរឹងមាំថែមទៀត។ កិច្ចសហប្រតិបត្តិការត្បូងពេជ្រ គឺជាជំនួបរវាងលោក ស៊ី ជិនពីង និងសម្ដេច ហ៊ុន សែន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ដែលបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅដែលផ្ដោតលើវិស័យអាទិភាពចំនួន៦ គឺនយោបាយ ផលិតកម្ម កសិកម្ម ថាមពល សន្ដិសុខ និង ការផ្លាស់ប្ដូរវាងប្រជាជន និងប្រជាជន។
ជាមួយគ្នានេះ កម្មវិធីនេះក៏មានការសម្តែងទស្សនីយភាពសិល្បៈរួមគ្នា ការបញ្ចាំងវីដេអូមិត្តភាពកម្ពុជា-ចិន រួមជាមួយ ការទូងស្គរប្រកាសបើកជាផ្លូវការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន ជាតិ-អន្តរជាតិ ក្រុមសិល្បៈ តារាល្បីៗ វិនិយោគិន ភ្ញៀវទេសចរកម្ពុជា-ចិន សរុបជាង ១,០០០នាក់ រួមជាមួយ ការផ្សាយផ្ទាល់ពិសេស ដោយទូរទស្សន៍ជាតិកម្ពុជា ដោយមានការផ្សាយបន្តផ្ទាល់លើបណ្តាញទូរទស្សន៍ទាំងអស់ នៅកម្ពុជាព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានានៃប្រទេសចិន៕