ភ្នំពេញ៖ អង្គការយុវតារាប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្តចំនួន ១៥នាក់ ដើម្បីទៅបំពេញសេវាកម្មស្ម័គ្រចិត្តនៅខេត្តក្រចេះ កំពង់ធំ ព្រៃវែង និងស្វាយរៀង រយៈពេលពី៩ ទៅ ១២ខែ ដោយមានផ្តល់អត្ថប្រយោជន៍ជាច្រើនរួមផ្សំជាមួយនឹងប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២១០ ដុល្លារ។
បើតាមគេហទំព័ររបស់អង្គការយុវតារាកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះអង្គការកំពុងតែប្រកាសជ្រើសរើសយុវជនដែលមានអាយុចន្លោះពី ២០-៣០ឆ្នាំ និងមានមានឆន្ទៈរស់នៅក្នុងសហគមន៍ជនបទ និងបំពេញសេវាកម្មស្ម័គ្រចិត្តរយៈពេលពី៩ ទៅ ១២ខែ នៅខេត្តក្រចេះ កំពង់ធំ ព្រៃវែង និងស្វាយរៀង។
តាមរយៈការធ្វើការងារស្ម័គ្រចិត្តនេះ យុវជននឹងទទួលបាននូវអត្ថប្រយោជន៍ដូចជា ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២១០ ដុល្លារ ទទួលបានវគ្គបណ្តុះបណ្តាល ដើម្បីមានឱកាសក្នុងការទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងការអនុវត្តគម្រោង ដែលអាចពង្រឹងភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម ការទំនាក់ទំនង និងជំនាញក្នុងការដោះស្រាយបញ្ហាផងដែរ។
តួនាទីដែលយុវជនស្ម័គ្រចិត្តនឹងត្រូវធ្វើមានដូចជា សិក្សាប៉ាន់ប្រមាណតម្រូវការសហគមន៍ រៀបចំបង្កើតក្លឹបយុវជនក្នុងសហគមន៍ បង្កើតថ្នាក់បំប៉ន បណ្ណាល័យចល័ត និងដឹកនាំយុទ្ធនាការសហគមន៍ផ្សេងៗ ដើម្បីជាការគាំទ្រ និងជំរុញឱ្យមានការចូលរួមរបស់យុវជន និងកុមារដើម្បីសកម្មភាពអភិវឌ្ឍន៍សង្គម។
អ្វីដែលពិសេសជាងនេះទៅទៀត ក្រោយបញ្ចប់បេសកកម្ម យុវជនអាចទទួលបានអាហារូបករណ៍ ១០០% សិក្សាភាសាអង់គ្លេសនៅសាលា ACE និងមានឱកាសហ្វឹកហាត់ការងារផ្នែកកសិកម្មនៅសហរដ្ឋអាមេរិក (HAWAII) ព្រមទាំងទទួលបានឱកាសការងារស្ម័គ្រចិត្តនៅប្រទេសបារាំងតាមរយៈអង្គការហ្វ្រង់វ៉ូឡុងទែរ (France Volontaires)។
បេក្ខជនដែលចាប់អារម្មណ៍សូមបំពេញពាក្យស្នើសុំធ្វើជាអ្នកស្ម័គ្រចិត្ត ដែលអាចស្វែងរកបាននៅការិយាល័យអង្គការយុវតារា ដែលមានអាសយដ្ឋាននៅផ្ទះលេខ៦៤ ផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ អាចដាក់ពាក្យតាមរយៈប្រព័ន្ធអនឡាញ ដោយបំពេញក្នុងទម្រង់បែបបទដែលមាននៅក្នុង QR Code ។ សម្រាប់ព៍ត៌មានបន្ថែម សិស្សអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩៦ ២៦៣ ០៩ ៦៦ ឬ ០៩៧ ៨១៨ ៧២ ៧៥។
គួរបញ្ជាក់ផងដែរថា អង្គការយុវតារាជាអង្គការមិនរកប្រាក់ចំណូល ដែលធ្វើការលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍយុវជន និងសហគមន៍ តាមរយៈសេវាកម្មស័្មគ្រចិត្ត៕