ភ្នំពេញ៖ អ្នកនាង ចឹម ពិសី ធ្លាប់ជាយុវតីម្នាក់ដែលបានប្រឡងបាក់ឌុបធ្លាក់កាលពីឆ្នាំ២០១៦ តែមិនបោះបង់ក្តីស្រមៃ និងតស៊ូរហូតបានធ្វើការក្នុងតុលាការកំពូលជាក្រឡាបញ្ជី ដោយសារតែការទទួលស្គាល់ការពិត និងការបន្តអភិវឌ្ឍសមត្ថភាពបន្តបន្ទាប់។
អ្នកនាង ចឹម ពិសី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា អ្នកនាងធ្លាប់ជាសិស្សមួយរូបដែលបានប្រឡងបាក់ឌុបកាលពីឆ្នាំ២០១៦ នៅខេត្តព្រៃវែង ដែលទទួលបានលទ្ធផលធ្លាក់ តែមិនមានការតូចចិត្តនោះទេ ដោយសារតែខ្លួនបានខំប្រឹងប្រែងអស់លទ្ធភាពតែលទ្ធផលមិនសមប្រកប និងចាប់ផ្តើមបន្តក្តីស្រមៃភ្លាមៗមិនបង្អង់តូចចិត្តយូរនឹងលទ្ធផលមិនល្អនោះឡើយ។
ក្រោយពីបានដឹងលទ្ធផលនៃការប្រឡងបាក់ឌុបភ្លាមៗ អ្នកនាងធ្លាប់មានអារម្មណ៍ថាតូចចិត្តបន្តិចបន្តួចតែបន្តមកទៀតក៏បានគិតថា ដរាបណានៅមានថ្ងៃស្អែក អ្នកនាងនៅតែអាចសម្រេចក្តីស្រមៃរបស់ខ្លួនជាមិនខាន ប្រសិនបើអ្នកនាងមិនបោះបង់ ដូចនេះ អ្នកនាងបានធ្វើដំណើរមកទីក្រុងភ្នំពេញដើម្បីដាក់ពាក្យរៀនថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបរហូតបានបញ្ចប់ការសិក្សារហូតមានឱកាសបានដាក់ពាក្យធ្វើការនៅក្នុងការតុលាការកំពូលជាក្រឡាបញ្ជីមួយរូបនាពេលបច្ចុប្បន្ន។
អ្នកនាង ពិសី បានរៀបរាប់បន្តទៀត អ្នកនាងមិនធ្លាប់មានអារម្មណ៍ចង់លាក់បាំងប្រវត្តិរបស់ខ្លួនពាក់ព័ន្ធនឹងការប្រឡងបាក់ឌុបធ្លាក់នោះទេ ព្រោះនៅក្នុងការធ្វើការ អ្វីដែលសំខាន់នោះសមត្ថភាពក្នុងការធ្វើការ និងជំនាញដែលមានស្រាប់ ដោយអតីតកាលមិនអាចឆ្លុះបញ្ចាំងសមត្ថភាពបច្ចុប្បន្នបានទេ។ អ្នកនាងបានសង្កត់ធ្ងន់ថា យុវជនពុំយកលទ្ធផលនៃការធ្លាក់បាក់ឌុបមកធ្វើជាឧបសគ្គក្នុងការសម្រេចក្តីស្រមៃនោះទេ តែគួរតែចាប់ផ្តើមសម្រេចចិត្តទៅសិក្សាជំនាញអ្វីដែលសាកសមទៅនឹងខ្លួន និងព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម និងទទួលស្គាល់ការពិត។
ការធ្លាប់ឆ្លងកាត់បទពិសោធន៍មិនល្អនៅក្នុងការប្រឡងបាក់ឌុប មិនអាចរារាំងអ្នកនាងក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យនោះទេដូចនេះ នៅពេលដែលចេញធ្វើការ អ្នកនាងនៅតែបន្តការសិក្សាបន្ថែមថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផងដែរក្នុងពេលបច្ចុប្បន្នដោយសារតែមានបំណងក្នុងការពង្រឹងទាំងសមត្ថភាព និងចំណេះដឹងនៅក្នុងការប្រកបការងារ។
លើសពីនេះទៅទៀត អ្នកនាង លើកទឹកចិត្តឱ្យយុវជនស្តាប់បេះដូងខ្លួនឯងថាខ្លួនចង់ធ្វើការអ្វីនាពេលខាងមុខ ថាតើចង់ធ្វើការងារក្នុងវិស័យរដ្ឋ ឬ ឯកជន ហើយផ្នែកអ្វី បន្ទាប់មកសម្រេចចិត្តជ្រើសរើសជំនាញណាដែលពាក់ព័ន្ធនឹងការងារមួយនោះ។ ជាចុងក្រោយអ្នកនាងក៏បានបញ្ជាក់ថា ជំនាញអ្វីក៏ល្អ ដរាបណាសិស្សដាក់ចិត្តរៀននិងពង្រឹងសមត្ថភាពក្នុងជំនាញទាំងនោះ៕