រតនគីរី៖ យុវជនជនជាតិដើមភាគតិចប្រមាណ ៥៤នាក់ ដែលភាគច្រើនជាជនជាតិព្រៅ កាវែត ទំពួន គ្រឹង ចារ៉ាយ កាចក់ បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ ពួកគេភាគច្រើនបានចុះឈ្មោះចូលរៀនជំនាញសម្អាងកាយ។
បើតាមលោក សែម ប៉ាត នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរី បាននិយាយថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរី ទទួលបានយុវជនដែលជាជនជាតិដើមភាគតិចមកចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសប្រមាណ៥៤នាក់ ភាគច្រើនពួកគេជាជនជាតិព្រៅ កាវែត ទំពួន គ្រឹង ចារ៉ាយ កាចក់។ ហើយពួកគេភាគច្រើនបានចុះឈ្មោះចូលរៀនជំនាញសម្អាងកាយ។
លោក សែម ប៉ាត បានលើកឡើងថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល គឺជាឱកាសសម្រាប់យុវជនជនជាតិដើមភាគតិច ក្នុងការចាប់យកជំនាញមួយច្បាស់លាស់មានការងារធ្វើត្រឹមត្រូវ ជៀសជាងចូលព្រៃអាស្រ័យផលធនធានធម្មជាតិប្រពៃណីរបស់ពួកគេ។ ភាគច្រើនជាតិដើមភាគតិច អាស្រ័យផលពីធនធានធម្មជាតិដែលជាមុខរបរចិញ្ចឹមជីវិតជាប្រពៃណីរបស់ពួកគេ ប៉ុន្តែចាប់តាំងពីបើកឱ្យមានការចុះឈ្មោះចូលរៀនជំនាញ ក៏ឃើញមានជនជាតិភាគតិច មកចុះឈ្មោះចូលរៀនដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១.៥ លាននាក់ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគីរីបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ២៤០នាក់ ស្រី ៩៧នាក់ លើជំនាញចំនួន ៥ ដែលជាជំនាញមានតម្រូវការទីផ្សាការងារខ្ពស់ តាមបណ្តាក្រុមហ៊ុនសហគ្រាស និងមានប្រាក់ចំណូលសមរម្យនាពេលបច្ចុប្បន្ននេះ៕