កែប៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសេចក្តីសម្រេចដកតំណែង លោក ខេង យ័ន ពីអភិបាលក្រុងកែប ក្រោយការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយរកឃើញថាលោក ខេង យ័ន បានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និង ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។
យោងតាមសំណេរដែលបង្ហោះតាមបណ្តាញសង្គមរបស់សម្តេច បានរៀបរាប់ថា៖ «ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ "ការវះកាត់" តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។»
សម្តេចនាយករដ្ឋមន្ត្រី សង្ឃឹមថាមន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ៕