ភ្នំពេញ៖ សមាគមបណ្តាញយុវជនកម្ពុជា កំពុងប្រកាសជ្រើសរើសសិស្សនិស្សិតដើម្បីចូលសិក្សា ជំនាញកុំព្យូទ័ររដ្ឋបាលចំនួន៣ខែ ដោយផ្តល់ជាអាហារូបករណ៍ពេញលេញ១០០% ចំនួន៣ខែ ដែលនឹងចូលរៀននៅថ្ងៃទី ៥ កុម្ភៈ ឆ្នាំ២០២៤ នៅទីតាំងសមាគមបណ្តាញយុវជនកម្ពុជាតែម្តង។
បើតាមការប្រកាសរបស់ សមាគមបណ្តាញយុវជនកម្ពុជា បានឱ្យដឹងថា ការផ្តល់អាហារូបករណ៍សិក្សាជំនាញកុំព្យូទ័ររដ្ឋបាលនេះនឹងមានបង្រៀនសិស្សពីជំនាញផ្សេងៗដូចជា Microsoft office word, excel, powerpoint, google drive, internet, និង email ដែលជាជំនាញយ៉ាងសំខាន់សម្រាប់យុវជនក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ។
ការចុះឈ្មោះនឹងបន្តបើកដាក់ពាក្យពីពេលនេះរហូតដល់ថ្ងៃទី ២៨ មករា ឆ្នាំ២០២៤ ដែលសិស្សនឹងត្រូវបង់តែថ្លៃរដ្ឋបាលចំនួន ៤០០០០ រៀលតែប៉ុណ្ណោះសម្រាប់ការសិក្សារយៈពេល ៣ខែនេះ។ ចំណែកឯ លក្ខខណ្ឌវសិស្សដែលអាចទទួលបានអាហារូបករណ៍នេះវិញ គឺបើកសម្រាប់សាធារណជនទូទៅ ជាពិសេសសិស្សនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យណាមួយ ដែលមានការតាំងចិត្តខ្ពស់ក្នុងការរៀនសូត្រ និងមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមសកម្មភាព និងវគ្គបណ្តុះបណ្តាល។
បន្ថែមពីនេះ ដើម្បីអាចចុះឈ្មោះ សិស្សអាចចុះឈ្មោះតាមរយៈ google form ក៏បាន ឬ សិស្សអាចចុះឈ្មោះដោយផ្ទាល់នៅទីតាំងសមាគម។ មុនពេលចូលរៀន សមាគមនឹងមានកម្មវិធីបើកវគ្គសិក្សាដែលមានរយៈពេលកន្លះថ្ងៃដើម្បីណែនាំសិស្សថ្មីទាំងអស់ បានស្គាល់ពីសមាគមយុវជនកម្ពុជា និងគោលការណ៍ទូទៅនៃថ្នាក់កុំព្យូទ័ររដ្ឋបាល ដើម្បីសិស្សអាចមានជាមូលដ្ឋានគ្រឹះមុននឹងចូលរៀនជាក់ស្តែង។សម្រាប់ព័ត៌មានបន្ថែមសិស្សអាចទាក់ទងទៅកាន់លេខទូរស័ព្ទ 081629928 ។
គួរបញ្ជាក់ផងដែរថា សមាគមបណ្តាញយុវជនកម្ពុជា ជាសមាគមមួយដែលកំពុងធ្វើការក្នុងការពង្រឹង និងកសាងសមត្ថភាពយុវជន លើកកម្ពស់នីតិរដ្ឋ យុត្តិធម៌សង្គម លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា៕