ភ្នំពេញ៖ ត្រឹមរយៈពេលជិត១សប្ដាហ៍ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រកឃើញទំនិញពុំមានអនុលោមភាពសរុបប្រមាណ ២០០គីឡូក្រាម ពីរាជធានី ខេត្ត ចំនួន១១។
ចាប់ពីថ្ងៃទី៥ - ៩ មករា មន្ត្រី ក.ប.ប. ប្រចាំខេត្តកំពង់ចាម កំពង់ធំ សៀមរាប តាកែវ កំពត កោះកុង ព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ មណ្ឌលគិរី និងរាជធានីភ្នំពេញ បានត្រួតពិនិត្យ និងរកឃើញទំនិញចម្រុះ ហួសកាលបរិច្ឆេទ ពុំមានគុណភាព និងមិនអនុលោមតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ សរុបចំនួន ១១៦.៨១គីឡូក្រាម បារីចំនួន ៥០កញ្ចប់ និងភេសជ្ជៈរំលោភសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនដើម ចំនួន ៩៤.០២លីត្រនិង២៨កេស។
ជាមួយគ្នានេះដែរ មន្ត្រី ក.ប.ប ក៏បានបន្តអប់រំផ្សព្វផ្សាយនិងចែកជូននូវឯកសារជាច្បាប់នឹងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដើម្បីបញ្រ្ជាបការយល់ដឹងដល់អាជីវករទាំងអស់ឱ្យបានកាន់តែទូលំទូលាយ និងចូលរួមអនុវត្តច្បាប់ ដើម្បីចៀសវាងពីទោសទណ្ឌនានា៕