681 ezgif.com resize
Moneygramott moi1280x163px

គណៈកម្មាធិការប្រឡងថ្នាក់ជាតិនឹងចាត់វិធានការម៉ឹងម៉ាត់ចំពោះជនក្លែងបន្លំសញ្ញាបត្របាក់ឌុប

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ នឹងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទបញ្ហានានា ដោយចាត់វិធានការយ៉ាងម៉ឹងម៉ាត់ តាមបញ្ញត្តិមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ ស្តីពីបទក្លែងបន្លំឯកសារសាធារណៈ នឹងត្រូវត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ។ ការចាត់វិធានការនេះ ក្រោយកន្លងមកមានបុគ្គលមួយចំនួនបានក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងការដាក់ពាក្យចូលរួមប្រឡងជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដា្ឋន សម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង នៅក្នុងវិស័យសុខាភិបាល។

បើតាមការប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី កន្លងមកគណៈកម្មាធិការប្រឡងថ្នាក់ជាតិ ធ្លាប់បានរកឃើញមាននិស្សិតក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះនិស្សិតប្រឡងជ្រើសរើសជាប់ចូលរៀន នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាលនានាជាបន្តបន្ទាប់។

ដូច្នេះដើម្បីបញ្ចប់ការក្លែងបន្លំឯកសារសាធារណៈ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់កិត្យានុភាពគ្រូពេទ្យ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម គណៈកម្មាធិការប្រឡងថ្នាក់ជាតិ នឹងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទបញ្ហានានា ដោយចាត់វិធានការយ៉ាងម៉ឹងម៉ាត់ តាមបញ្ញត្តិមាត្រា៦២៩នៃក្រមព្រហ្មទណ្ឌ ស្តីពីបទក្លែងបន្លំឯកសារសាធារណៈ ចែងថា «ការក្លែងបន្លំ ប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិអត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី៥(ប្រាំ) ទៅ១០(ដប់)ឆ្នាំ»។

ជាមួយគ្នានោះ និស្សិតដែលធ្លាប់ត្រូវបានគណៈកម្មាធិការប្រឡងថ្នាក់ជាតិលុបឈ្មោះចេញពីបញ្ជីឈ្មោះនិស្សិតប្រឡងជ្រើសរើសជាប់កន្លងទៅ មិនត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិជាថ្មី ឡើងវិញទៀតឡើយ។ អំពើនៃការក្លែងឯកសារសាធារណៈ ទោះបីបានទទួលសញ្ញាបត្រចេញទៅប្រកបវិជ្ជាជីវៈពេទ្យ ហើយក៏ដោយ ប្រសិនបើរកឃើញថា មានការប្រើឯកសារក្លែងបន្លំនឹងត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ដកហូតសញ្ញាបត្រនៅពេលណាក៏បានដោយមិនគិតពីរយៈពេលសោះឡើយ។ អំពើនៃការប្រើប្រាស់ឯកសារសាធារណៈក្លែងបន្លំនឹងត្រូវគិតអាជ្ញាយុកាលចាប់ពីថ្ងៃដែលត្រូវបានរកឃើញឯកសារជាកម្មវត្ថុនៃអំពើល្មើសនោះតទៅ(មិនគិតពីថ្ងៃដែលបានប្រព្រឹត្តនោះទេ)។

អាស្រ័យហេតុនេះ សិស្សានុសិស្សដែលមានឯកសារក្លែងក្លាយ និងមានបំណងដាក់ពាក្យចូលរួមការ ប្រឡងថ្នាក់ជាតិ សូមកុំមកដាក់ពាក្យប្រឡងចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិស័យសុខាភិបាល នានា ដែលនឹងនាំឱ្យមានផលវិបាកកើតឡើងដល់ខ្លួនឯង ហើយនាំឱ្យខាតបង់ពេលវេលា ថវិកាខ្លួនឯង និង ក្រុមគ្រួសារទាំងមូល ព្រមទាំងប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួនឯងទៀតផង។ សិស្សានុសិស្ស ដែលមិនមានសញ្ញាបត្រទុតិយភូមិ អាចទៅដាក់ពាក្យប្រឡងនៅផ្នែក ឬវិស័យផ្សេងទៀតបាន៕

Khcct banner

អត្ថបទទាក់ទង