ភ្នំពេញ៖ ទិវាមួយម៉ោងសម្រាប់ភពផែនដី ត្រូវការយុវជនស្ម័គ្រចិត្តចំនួន ១៥០ នាក់ ដើម្បីប្រារព្ធពិធីបិទភ្លើងមួយម៉ោង នៅថ្ងៃទី២៣ មីនា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០ នាទីយប់។
បើតាមការផ្សព្វផ្សាយក្នុងគេហទំព័រនៃ Earth Hour Cambodia បានឱ្យដឹងថា ទិវាមួយម៉ោងសម្រាប់ភពផែនដី នឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះ ហេតុនេះហើយទើបមានការប្រកាសជ្រើសរើសយុវជនដែលស្រឡាញ់ និងចង់ចូលរួមចំណែករក្សាការពារបរិស្ថានធម្មជាតិ ចូលរួមជាយុវជនស្ម័គ្រចិត្តចំនួន១៥០ នាក់។
យុវជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យដោយចុចលើតំណភ្ជាប់ https://bit.ly/3RNQobF អោយបានមុនថ្ងៃ២០ មករា ឆ្នាំ២០២៤ ដោយជ្រើសរើសផ្នែកណាមួយដែលខ្លួនពេញចិត្ត ដូចជា ក្រុមចល័ត បរិស្ថាន ក្រុមមើលការខុសត្រូវស្តង់ ក្រុមគ្រប់គ្រងម្ហូបអាហារ និងភេសជ្ជៈ ក្រុមសណ្តាប់ធ្នាប់ និងសន្តិសុខ ក្រុមបច្ចេកទេស និងសម្របសម្រួលកម្មវិធី ក្រុមការងារពិធីការ ក្រុមតុបតែងសោភ័ណ្ឌ ក្រុមផ្សព្វផ្សាយ និងទំនាក់ទំនង។
គួរបញ្ជាក់ផងដែរថា Earth Hour Cambodia បានចាប់ផ្តើមតាំងពីឆ្នាំ២០១០ និងបានក្លាយជាកម្មវិធីដែលមានប្រជាប្រិយភាពដែលតែងធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជម្រុញឱ្យយុវជន នៅក្នុងប្រទេសកម្ពុជាមានឆន្ទៈក្នុងការចូលរួមចំណែកធ្វើសកម្មភាពដើម្បីធម្មជាតិ៕