Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងសុខាភិបាល៖ ការប្រើប្រាស់គ្រឿងស្រវឹងផ្តល់ផលវិបាកធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងសង្គម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែមករា បានឲ្យដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង ដែលនាំឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសសមាជិកគ្រួសារ មិត្តភក្តិ និងអ្នកដទៃ។

ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ជាតិអាកុលក្នុងផលិតគ្រឿងស្រវឹងបានបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ។ ក្នុងរយៈពេលតែ ២ទៅ ៣នាទីប៉ុណ្ណោះ ជាតិអាល់កុលអាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញាទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្តើមនិយាយច្រើន ចលនាអន់ថយ គំហើញថយចុះ និងក្អួតចង្អោរ ឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើនពេល អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជា ជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។ ដូច្នេះ សូមកុំប្រើប្រាស់គ្រឿងស្រវឹងនៅពេលកំពុងបើកបរ ឬកំពុងបញ្ជាគ្រឿងម៉ាស៊ីនផ្សេងៗ ពេលកំពុងមានផ្ទៃពោះ និងបំបៅដោះកូន ឬអ្នកមានបញ្ហាសុខភាពផ្សេងៗ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជនទាំងអស់ ជាពិសេសយុវជនត្រូវចៀសវាងពីការប្រើប្រាស់គ្រឿងស្រវឹង។ ចំពោះអ្នកមិនធ្លាប់ប្រើប្រាស់គ្រឿងស្រវឹងសូមកុំសាកល្បង ដោយឡែកអ្នកកំពុងប្រើប្រាស់គ្រឿងស្រវឹង សូមកាត់បន្ថយឱ្យបានជាអតិបរមា ដើម្បីសុខភាពរបស់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។ ម្យ៉ាងទៀត ក្រសួង ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន គ្រួសារ សាលារៀន និងសហគមន៍ ចូលរួមបង្កើតបរិយាកាសកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដូចជា ការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលា និងលើកទឹកចិត្តគាំទ្រអ្នកប្រើប្រាស់គ្រឿងស្រវឹងឱ្យលះបង់ការប្រើប្រាស់ស្រវឹង។

គួរបញ្ជាក់ថា គ្រឿងស្រវឹងបានបង្កឱ្យមានផលប៉ះពាល់ដូចជា អំពើហិង្សា ការប្រព្រឹត្តបទឧក្រិដ្ឋ ជម្លោះបុគ្គល ការចំណាយថវិកាទៅលើការទិញគ្រឿងស្រវឹង ការព្យាបាលសុខភាព គ្រោះថ្នាក់ចរាចរណ៍ និងការខាត់បង់ផ្សេងៗផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង