សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៩ខែមករានេះ បានបញ្ចប់គម្រោងជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្តដំណាក់កាលទី៣ បញ្ចប់ជាស្ថាពរ។ ការជួសជុលដំណាក់កាលទី៣នេះ បានចាប់ផ្ដើមជួស ជុលតាំងពី ដើមខែមករា ឆ្នាំ២០២៣កន្លងមក។
មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី មកបញ្ជាក់ថា ក្នុងគម្រោងជួសជុលខឿនបាកាណប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត គឺក្រុមការងារបានជួសជុលថ្មបែកបាក់ចំនួន២៩២ដុំ ដែលរុះរើពី តាមផ្នែកនៃជ្រុងនីមួយៗឱ្យល្អរឹងមាំរួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញ។
អាជ្ញាធរជាតិអប្សរា បានបន្តថា ក្រុមអ្នកបច្ចេកទេសរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត ដែលជាទីតាំងសំខាន់ធ្វើឱ្យភ្ញៀវទេសចរឆ្លងកាត់ឥតដាច់។ ដូច្នេះហើយបានជាអ្នកជំនាញត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឱ្យបានល្អដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះផងនិងអាចបង្កើនកន្លែងទស្សនាដល់ទេសចរឱ្យ កាន់តែមានជម្រើសច្រើនផង៕