ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៩ មករានេះ បានអះអាងថា ការកំណែទម្រង់ការប្រឡងបាក់ឌុបនៅកម្ពុជានៅពេលកន្លងទៅនេះ គឺបានផ្លាស់ប្ដូរវប្បធម៌អន្តរាគមន៍របស់ឪពុកម្ដាយ អាណា ព្យាបាល មករួមគ្នាខិតខំជំរុញឱ្យកូន និងសិស្ស។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេចជួបសំណេះ សំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ នៅមជ្ឈមណ្ឌល ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។
ថ្លែងនៅចំពោះមុខសិស្សជិត២ពាន់នាក់នៅថ្ងៃនេះ សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វប្បធម៌ដែលបង្កើតឡើងនៅក្នុងការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ បានផ្លាស់ប្ដូរវប្បធម៌«អន្តរាគមន៍»របស់ឪពុកម្ដាយ អាណាព្យាបាល មករួមគ្នាខិតខំជំរុញឱ្យកូន និង សិស្ស ។
បើតាមសម្តេច ហ៊ុន ម៉ាណែត ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងនោះបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ។សម្រាប់សម្តេចការប្រឡង គឺបានធ្វើឡើង ដោយយុត្តិធម៌ និងការទទួលខុសត្រូវរៀងៗខ្លួន និងជំនួសនូវមនោសញ្ចេតនាជាលក្ខណចង្អៀត និង ធំទូលាយ។
សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងពីការកសាងមូលធនមនុស្សគឺជាកត្តាចម្បង និងចាំបាច់បំផុត ខណៈមូលធនមនុស្សនេះ គឺជាមុំទី១ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ។