ភ្នំពេញ៖សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់ នៅថ្ងៃទី ៩ មករានេះ បានជួបសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសំណេះសំណាលផ្តល់ដំបូន្មានពីដំណើរការសិក្សារបស់ខ្លួន។ជំនួបនេះ គឺជាលើកទី១ហើយដែលសម្តេច ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សនិទ្ធេសAក្នុងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា។
ដូចការគ្រោងទុកជំនួបសំណេះសំណាលនេះ បានរៀបចំឡើងនៅមជ្ឈមណ្ឌល ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)ដែលមាន សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់។ក្នុងជំនួបនោះសម្តេច ហ៊ុន ម៉ាណែត បានប្រាប់ដល់សិស្សនិទ្ទេសAថា ការអប់រំ គឺដើម្បីចេះដឹងដោយគ្រប់ជ្រុងជ្រោយច្បាស់លាស់ ដើម្បីមានចំណេះធ្វើ ដើម្បីជាពលរដ្ឋល្អ និង ដើម្បីរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនា។
បើតាមសម្តេច ទស្សនៈ វប្បធម៌ និងមូលដ្ឋាននៃភាពជោគជ័យ ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងនោះបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ។
សម្រាប់សម្តេច ហ៊ុន ម៉ាណែត បានមើលឃើញកត្តាគន្លឹះ ៤ ធំៗ នៅក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុបនាពេលកន្លងមក។ ក្នុងនោះមាន ទី១ ត្រូវមានចក្ខុវិស័យវែងឆ្ងាយឈរលើមូលដ្ឋានច្បាស់លាស់ ផ្អែកលើផលប្រយោជន៍ជាតិ និងប្រជាជន។ ទី២ ការប្ដេជ្ញាចិត្តខ្ពស់របស់គ្រប់តួអង្គអនុវត្តជាពិសេសថ្នាក់ដឹកនាំដែលមានឆន្ទះខ្ពស់។ ទី៣ ចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសពីប្រជាជន។ ទី៤ ការលះបង់ដើម្បីផលប្រយោជន៍រួម៕