ភ្នំពេញ៖យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី The Diplomat របស់អាម៉េរិក បានចុះផ្សាយពីក្តីបារម្ភរបស់នាយករដ្ឋមន្ត្រីវៀតណាម ចំពោះគម្រោងយក្សរបស់កម្ពុជា គឺ«គម្រោងព្រែកជីកហ្វូណន-តេជោ»ដែលមានតម្លៃប្រមាណជិត២ពាន់ លានដុល្លារអាម៉េរិករៀប ចំប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកតភ្ជាប់ពីទន្លេបាសាក់ទៅកាន់សមុទ្រ ខេត្តកែប។ជាគម្រោងសង់ក្រោមកិច្ចសហប្រតិបត្តិការជា មួយវិស័យ ឯកជនដោយមិនបានខ្ចីលុយបរទេសនោះទេ តែវានឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេស វិស័យដឹកជញ្ជូន អចលនទ្រព្យ និង ការវិនិយោគផ្សេងៗ។
ក្នុងដំណើរទស្សកិច្ចរបស់ សម្តេច ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាមកាលពីចុងឆ្នាំ២០២៣កន្លងទៅ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានប្រាប់កម្ពុជាចំៗពីការព្រួយបារម្ភជាខ្លាំងចំពោះ«គម្រោងព្រែកជីកហ្វូណន-តេជោ»។សម្រាប់វៀតណាម គម្រោងនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាន និង ប្រព័ន្ធទឹកនៃទន្លេមេគង្គ ជាពិសេសទឹកទន្លេខាងក្រោម ដែលហូរពីកម្ពុជា ទៅវៀតណាម។
ប៉ុន្តែយ៉ាងណាក្តី សម្តេច ហ៊ុន ម៉ាណែត បានប្រាប់ថា គម្រោងនេះ គឺមានការសិក្សាច្បាស់លាស់ មិនប៉ះពាល់ ដល់ បរិស្ថានលើប្រទេសវៀតណាម នោះទេ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានពឹងផ្អែកលើកំពង់ផែរបស់ប្រទេសវៀតណាម និង ថៃ ដើម្បីដឹកជញ្ជូនទំនិញឆ្លងកាត់ដែលនេះ នាំឱ្យទំនិញមួយចំនួនមានតម្លៃថ្លៃប៉ះពាល់សេដ្ឋកិច្ចជាតិ និងប្រជាជនកម្ពុជា។ដូច្នេះមិនមានអ្វីចម្លែកនោះទេដែលវៀតណាម បារម្ភពីគម្រោងនេះ។
ក្រោយគម្រោងនេះសម្រេច កម្ពុជាអាចទទួលនូវអត្ថប្រយោជន៍ជាមហាសាល តាមរយៈ ការកាត់ បន្ថយរយៈពេលចម្ងាយ និង តម្លៃនៃការដឹកជញ្ជូនមកតម្លៃទាប បង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលទុកដាក់ទំនិញឆ្លងកាត់លំដាប់អន្តរជាតិ ការអភិវឌ្ឍផែរណបថ្មីៗ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និង ចិញ្ចឹម សត្វ ជាដើម។
ក្រៅពីនេះ«គម្រោងព្រែកជីកហ្វូណន-តេជោ» គឺជួយរំដោះទឹកជំនន់ និង ជួយទប់ទឹក ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជា ប្រមាណជា១លាន៦សែននាក់ ដែលរស់នៅតាមដងព្រែក ១៨០គីឡូម៉ែត្រនេះមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយអ្នកទេសចរ អាចធ្វើដំណើរតាមផ្លូវទឹកពីភ្នំពេញទៅលេងនៅកែប និងពីកែប កំពត ពីក្រុងព្រះសីហនុ មកលេងភ្នំពេញ ខណៈតាមបណ្តោយព្រែកមាន ភោជនីយដ្ឋាន មានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន៕