ភ្នំពេញ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបុគ្គលជិះម៉ូតូនាំមុខឡានពេទ្យ បញ្ឈប់សកម្មភាព ព្រោះសកម្មភាពខុសច្បាប់នេះ មិនមែនជាការអនុញ្ញាតពីមន្ទីរសុខាភិបាល ថែមទាំងអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងអាចធ្វើឱ្យជនរងគ្រោះកាន់តែមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀត។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយថ្ងៃទី៥ មករា នេះ។
សព្វថ្ងៃនេះ មានមនុស្សមួយចំនួនតូចបានធ្វើសកម្មភាពជិះម៉ូតូនាំមុខរថយន្តគិលានសង្គ្រោះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាសកម្មភាពបង្កឱ្យមានរូបភាពអវិជ្ជមាននូវភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ភាពប៉ះពាល់ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល។
ចំពោះសកម្មភាពខុសច្បាប់ដែលមនុស្សមួយចំនួនតូចនេះបានបង្កនោះ គឺពួកគេបានប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ដោយមានការតុបតែងភ្លើងសញ្ញា ការបិតស្លាកសម្គាល់តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋម ផ្សេងៗ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ។
មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ផលវិបាកនៃសកម្មភាពខុសច្បាប់នេះ បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងអាចធ្វើឱ្យជនរងគ្រោះកាន់ត មានបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀត ដោយសារសកម្មភាពសង្គ្រោះរបស់បុគ្គលមួយចំនួនតូចនេះគ្មានវិជ្ជាជីវៈ វេជ្ជសាស្ត្រត្រឹមត្រូវ។
ដើម្បីលុបបំបាត់នូវសកម្មភាពអវិជ្ជមាន មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ស្នើបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើស ត្រូវបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់។ ទន្ទឹមនឹងនេះ មន្ទីរ សុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក៏សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការឃាត់ខ្លួនបុគ្គលខាងលើនេះ ដើម្បី ចាត់វិធានការតាមផ្លូវច្បាប់៕