681 ezgif.com resize
Moneygramott moi1280x163px

អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរមូលដ្ឋានសម្អាតព្រៃជុំវិញទួលប្រាសាទគោកបល្ល័ង្គ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

សៀមរាប៖ បន្ទាប់ពីទទួលបានការរាយការណ៍ អំពីការរំលោភបំពាន ពីពលរដ្ឋរស់នៅជិតនោះ ដោយបានចាក់ដីលុបទៅលើកសិន្ធុទឹកជាប់នឹងទួលនៃប្រាសាទគោកបល្ល័ង្គ អាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសម្អាតព្រៃជុំវិញទីតាំងបុរាណដ្ឋាន ប្រាសាទគោកបល្ល័ង្គ ស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប តាំងពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ មកម្លេះ។

លោក សោម កក្កដា បុគ្គលិកបច្ចេកទេស នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានចុះមកទួលប្រាសាទគោកបល្ល័ង្គ តាំងពីថ្ងៃទី០២ មករា មកម្លេះ។ បន្ទាប់ពីមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរៗនោះ រាយការណ៍អំពីការរំលោភបំពាន ដោយចាក់ដីលុបទៅលើកសិន្ធុទឹកជាប់នឹងទួលនៃប្រាសាទ។ បច្ចុប្បន្នក្រុមការងារមានសមាជិកជាង២០នាក់ បានត្រួសឆ្ការព្រៃដុះស៊ុបត្រុបសម្អាតនៅជុំវិញទីតាំងទួលបុរាណនៃប្រាសាទគោកបល្ល័ង្គ នឹងកំពុងកាយយកអាចម៍ដីដែលចាក់លុប ចេញពីទីតាំងកសិន្ធុ។ កិច្ចការងារនេះ គ្រោងនឹងចំណាយពេលវេលា៣០ថ្ងៃទើបរួចរាល់។

លោក សោម កក្កដា បានបន្ដថា នៅលើទីតាំងទួលនៃប្រាសាទគោកបល្ល័ង្គ ឃើញមាននៅសេសសល់ មេទ្វារ បល្ល័ង្គ និងចំរ៉ឹងបង្អួចខ្លះៗ ក្រុមការងារនៅមិនទាន់កំណត់អំពីសម័យកាលនៃការសាងសង់ប្រាសាទនៅឡើយ។ ប៉ុន្តែបន្ទាប់ពីការងារសម្អាតរួចរាល់ អាជ្ញាធរជាតិអប្សរា មានគម្រោងធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា និងស្តារកសិន្ធុជុំវិញនោះ ដើម្បីកិច្ចការងារអភិរក្ស។

ក្នុងនាមអាជ្ញាធរជាតិអប្សរា លោក សោម កក្កដា អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញទីទួលបុរាណ ទាំងអស់ សូមចូលរួមថែរក្សា និងកុំចោលសំរាម កុំរំលោភបំពាននៅលើទីតាំងទាំងនោះ ចៀសវាងបាត់បង់កេរ្តិ៍ដំណែលដូនតាខ្មែរបានបន្សល់ទុក៕


Khcct banner

អត្ថបទទាក់ទង