ភ្នំពេញ៖ សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ផ្ដល់អាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល ១ឆាំ្ន នៅខេត្តហឺណាន ប្រទេសចិន។ ការចូលរៀននឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូតដល់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន ជ្រើសរើសសិស្ស-និស្សិត ២០នាក់ដើម្បីសិក្សាភាសាចិន នៅប្រទេសចិន រយៈពេល១ឆ្នាំ។ បេក្ខជនដែលមានបំណងស្នើសុំអាហារូបករណ៍នេះ ត្រូវយកឯកសារមកដាក់ផ្ទាល់នៅការិយាល័យប្រឹក្សាយោបល់ អាហារូបករណ៍សិក្សានៅប្រទេសចិន នៅការិយាល័យសមាគម ជាន់ទី៣ បន្ទប់០០៥/០០៦ នៅក្នុងអាគារទីស្នាក់ការកណ្តាលសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។
ឯកសារស្នើសុំអាហារូបករណ៍ រួមមាន លិខិតឆ្លងដែន, សញ្ញាបត្រ (ចាប់ពីសញ្ញាបត្របាក់ឌុបឡើង), ផែនការសិក្សា, រូបថតអេឡិចត្រូនិច 4x6 (ផ្ទៃពណ៌សរ), ព្រឹត្តិបត្រពិន្ទុ, លិខិតអនុសាសន៍ ២ច្បាប់, លិខិតបញ្ជាក់កិរិយាមាយាទ (ចេញដោយអាជ្ញាធរមូលដ្ឋាន) និង ឯកសារពិនិត្យសុខភាព។
សិស្ស-និស្សិត ដែលទទួលបានអាហារូបករណ៍នេះ នឹងទទួលបានអត្ថប្រយោជន៍ ថ្លៃសិក្សារយៈពេល១ឆ្នាំ ដោយឥតគិតថ្លៃ។ ខណៈការចំណាយផ្សេងៗជាបន្ទុករបស់សាមីខ្លួន រួមមាន ថ្លៃស្នាក់នៅ (១បន្ទប់២នាក់ រយៈពេល១ឆ្នាំ), ថ្លៃអាហារប្រចាំខែ, ថ្លៃចុះឈ្មោះចូលរៀន, ថ្លៃធានារ៉ាប់រង និងថ្លៃសំបុត្រយន្តហោះ ទៅវិញទៅមក។
លើសពីនេះ នៅពេលសិស្ស-និស្សិតប្រឡងបានHSK4 សាលានឹងជួយស្នើសុំអាហារូបករណ៍ថ្នាក់ខេត្តជូន ឬ និស្សិតអាចស្នើសុំទៅ អាហារូបករណ៍ទៅសាលា ឬខេត្តក្រុងផ្សេងៗទៀតបាន ដោយខ្លួនឯង។ នៅពេលនិស្សិតមានHSK ចាប់ពីកម្រិត៤ឡើង មាន អាទិភាពទទួលបានអាហារូបករណ៍៕