Cctimesw1140xh150cm copy

ផ្តើមពីយុវជនស្ម័គ្រចិត្ត កញ្ញា ស្តើង ភារ៉ុង តស៊ូរហូតក្លាយជានាយិកាប្រតិបត្តិនៃអង្គការ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កញ្ញា ស្តើង ភារ៉ុង មានការចាប់អារម្មណ៍លើការងារសង្គមតាំងនៅរៀនវិទ្យាល័យ និងបានបន្តធ្វើវាជាច្រើនឆ្នាំបន្តបន្ទាប់រហូតបានមានឱកាសក្នុងការធ្វើការងារក្នុងអង្គការអន្តរជាតិជាច្រើន រហូតបានក្លាយជានាយិកាប្រតិបត្តិនៃអង្គការបន្ទាយស្រី។

បើតាមកញ្ញា ស្តើង ភារ៉ិង បានឱ្យដឹងថា កញ្ញាមានទីកំណើតមកពីខេត្តកំពង់ចាម និងមកពីតំបន់មួយដែលមានផ្នត់គំនិតថាកូនស្រីមិនចាំបាច់រៀនច្រើន ដែលធ្វើឱ្យកញ្ញាបានប្តេជ្ញាចិត្តក្នុងការជំនះឧបសគ្គផ្សេងៗគ្រប់បែបយ៉ាងរហូតបានក្លាយរៀនចប់ថ្នាក់អនុបណ្ឌិតដោយមានការទទួលបានអាហារូបករណ៍ និងជំនួយផ្សេងៗ។

កញ្ញា បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាបានចាប់ផ្តើមស្គាល់ការងារសង្គមដំបូងនៅពេលដែលខ្លួនកំពុងសិក្សានៅថ្នាក់វិទ្យាល័យ បន្ទាប់មកក៏បន្តធ្វើការជាមួយនឹងសហគមន៍ដើម្បីនាំមកនូវការផ្លាស់ប្តូរក្នុងសហគមន៍រហូតដល់ខ្លួនរៀនចប់ថ្នាក់វិទ្យាល័យ។ បន្ទាប់មក ពេលចូលរៀនសាកលវិទ្យាល័យដំបូងឡើយ កញ្ញានៅតែបន្តក្នុងការឆ្លៀតចូលរួមស្ម័គ្រចិត្តដែលមានចំណូលបន្តិចបន្តួចតែប៉ុណ្ណោះ តែកញ្ញាពេញចិត្តនៅក្នុងការធ្វើវាដោយជឿជាក់ថានាពេលណាមួយវានឹងហុចផលឱ្យកញ្ញាទទួលបានបទពិសោធន៍ផ្សេងៗជាច្រើនដែលគ្មានអ្វីអាចទិញបាន។ ជាពិសេស កញ្ញាក៏មានរៀបចំកម្មវិធីផ្សេងៗក្នុងការចុះតាមតំបន់ដើម្បីធ្វើការចែករំលែកចំណេះដឹងទៅកាន់យុវជនផ្សេងៗ។

បន្ទាប់ពីកញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភ្លាម កញ្ញាក៏បានប្រឡូកការងារជាមួយនឹងអង្គការផ្សេងៗជាច្រើន ដូចជាអង្គការតម្លាភាព និងស្ថានទូតជាដើម ដែលសុទ្ធតែជាស្ថាប័នដែលមានលក្ខណៈអន្តរជាតិ។ រយៈពេលពីរឆ្នាំចុងក្រោយនេះ កញ្ញាក៏ត្រូវបានជ្រើសរើសធ្វើជានាយិកប្រតិបត្តិនៅអង្គការបន្ទាយស្រី ដោយសារតែបទពិសោធន៍ក្នុងការប្រឡូកក្នុងសង្គម និងធ្វើការច្រើនពាក់ព័ន្ធនឹងសមភាពយេនឌ័រ។ មូលហេតុដែលកញ្ញានៅតែបន្តស្រឡាញ់ការងារសង្គមពាក់ព័ន្ធនឹងសមភាពយេនឌ័រដោយសារតែកញ្ញាបានឆ្លងកាត់វាជាច្រើនកាលពីកុមារភាពដូចនេះព្យាយាមធ្វើគ្រប់យ៉ាងដើម្បីចូលរួមជាចំណែកមួយក្នុងការដោះស្រាយបញ្ហាដែលកំពុងតែមាន។

បន្ថែមពីនេះទៅទៀត កញ្ញា ក៏ត្រូវបានជ្រើសរើសតំណាងកម្ពុជាដើម្បីចូលរួមនៅក្នុងការចែករំលែកបទពិសោធន៍ពីការតស៊ូនៅក្នុងកម្មវិធីដ៏ធំមួយនៅក្នុងទីក្រុងស៊ីដនី ដែលអមជាមួយនឹងកម្មវិធី 2023 FIFA Women's World Cup និងទទួលបានការសាទរជាច្រើនពីសំណាក់អ្នកចូលរួមមកលើរឿងរ៉ាវដែលបានចែករំលែក រួមទាំងទាក់ទងមកកាន់កញ្ញាដើម្បីអញ្ជើញទៅកាន់កម្មវិធីផ្សេងៗទៀតនាពេលខាងមុខផងដែរ។

ជាចុងក្រោយ កញ្ញាក៏បានបន្ថែមទៀតថា កញ្ញាសង្ឃឹមថាយុវជនព្យាយាមស្វែងយល់ពីការងារសង្គម ឬ ការងារផ្សេងៗនៅកំឡុងពេលជានិស្សិតដើម្បីអាចស្វែងរកខ្លួនឯងពីអ្វីដែលខ្លួនស្រលាញ់ពិតប្រាកដ ហើយកញ្ញាក៏បានបន្ថែមទៀតថា ប្រសិនបើមិនទាន់ស្វែងរកខ្លួនឯងក៏មិនអី សំខាន់ព្យាយាមសាកល្បងរឿងជាច្រើនដើម្បីដឹងថាមួយណាដែលត្រួវនឹងខ្លួនឯងជាងគេ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង