Cctimesw1140xh150cm copy

សិស្សវិទ្យាល័យសម្ដេច ហ៊ុន សែន សណ្តែក ងាកមកអានសៀវភៅ ក្រោយសាលាមិនឲ្យប្រើទូរស័ព្ទក្នុងសាលា

យុវជន
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ចាម៖ សិស្សវិទ្យាល័យសម្ដេច ហ៊ុន សែន សណ្តែក ស្ថិតនៅភូមិ កំប៉ាល់ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ភាគច្រើនបានងាកមកអានសៀវភៅឡើងវិញ បន្ទាប់ពីសាលាបានហាមមិនឲ្យប្រើប្រាស់ទូរស័ព្ទក្នុងបរិវេនសាលារៀន។ ការសម្រេចនេះ បានធ្វើឡើងដើម្បីជំរុញឲ្យសិស្សានុសិស្សបង្កើនការយកចិត្តទុកដាក់ទៅលើការខិតខំប្រឹងប្រែងរៀនសូត្រ និងការជួយបង្កើននូវចំណេះដឹង។

យោងតាមប្រសាសន៍លោក ឃុន ឃាន នាយកសាលាវិទ្យាល័យសម្ដេច ហ៊ុន សែន សណ្តែក បានប្រាប់សុីសុីថាមស៍ថា ដោយសារកាលពីមុន ក្នុងសម័យជំងឺកូវីដ-១៩ គឺសាលាបានតម្រូវឲ្យសិស្សប្រើប្រាស់ទូរស័ព្ទ ដើម្បីជាប្រយោជន៍ក្នុងការសិក្សា។ ក្រោយមកលោក បានសង្កេតឃើញថា មានសិស្សភាគច្រើនបានប្រើប្រាស់ទូរស័ព្ទខុសប្រយោជន៍នៃការសិក្សាដូចជា ការលេងហ្គេម និងរឿងសកម្មភាពផ្សេងៗ ដែលបានធ្វើឲ្យប៉ះពាល់ដល់ការសិក្សា។ ដូចច្នោះ សាលាក៏បានសម្រេចចាប់វិធានការរឹតបន្តឹងដោយចាប់ផ្ដើមពីឆ្នាំ២០២៣-២០២៤នេះតទៅ ដោយហាមឃាត់មិនឲ្យសិស្សយកទូរស័ព្ទចូលក្នុងបរិវេនសាលារៀនបានឡើយ។

លោកនាយកសាលា បានបន្តថា ប្រសិនបើមានការចាំបាច់ក្នុងការទំនាក់ទំនងតាមទូរស័ព្ទ គឺសាលាបានផ្ដល់លេខទូរស័ព្ទឲ្យទៅប្អូនៗសិស្សានុសិស្សទាំងអស់ ដើម្បីឲ្យអាណាព្យាបាលទំនាក់ទំនងមកកាន់សិស្សផ្ទាល់បាន ឬក៏សិស្សអាចខ្ចីទូរស័ព្ទពីលោកគ្រូ អ្នកគ្រូបាន ក្នុងការទំនាក់ទំនងជាមួយអាណាព្យាបាល។ ក្រោយពីសាលាហាមឃាតមិនឲ្យសិស្សយកទូរស័ព្ទចូលសាលានេះ លោកបានសង្កេតឃើញថា សិស្សានុសិស្សបានចាប់ផ្ដើមអនុវត្តបានល្អ គឺមិនយកទូរស័ព្ទចូលក្នុងបរិវេនសាលារៀនទៀតឡើយ។

លោក ឃុន ឃាន បានសង្កត់ធ្ងន់ថា ប្រសិនបើសាលាចាប់បាននូវទូរស័ព្ទដៃនោះ សាលានឹងឃាត់ទុករយៈពេលមួយសម្ដាហ៍ ទើបអនុញ្ញាតប្រគល់ឲ្យសិស្ស និងតម្រូវឲ្យអាណាព្យាបាលរបស់សិស្សផ្ទាល់មកធ្វើកិច្ចសន្យានឹងសម្រេចប្រគល់ទូរស័ព្ទទៅវិញបាន។ លោកបន្តថា ការធ្វើការហាមឃាត់នេះ គឺដើម្បីពង្រឹងវិន័យ សណ្ដាប់ធ្នាប់ និងការសិក្សារៀនសូត្ររបស់សិស្សឲ្យកាន់តែទទួលបានជោគជ័យផងដែរ៕

 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង