Img 1426
Swift cc time

ខេត្តពោធិ៍សាត់ឱ្យកសិករផ្អាកដាំស្រូវនៅរដូវប្រាំងលើកទី២ដើម្បីបញ្ជៀសការខ្វះទឹកប្រើប្រាស់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAID Morodok Baitang-មរតកបៃតង

ពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣ មករា បានចេញសេចក្ដីណែនាំ ឱ្យប្រជាកសិករផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ការផ្អាកការដាំដំណាំស្រូវនេះ ដើម្បីបញ្ជៀសការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិកា។

យោងតាមផែនការមន្ទីរធនធានទឹក ការផ្គត់ផ្គង់ទឹកដល់កសិករក្នុងឆ្នាំ២០២៤នេះ បានត្រឹមតែ ២០.០០០ហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្តែងកន្លងមក និងការវាយតម្លៃរបស់មន្ទីរកសិកម្មខេត្ត ការបង្កបង្កើនផលរបស់ប្រជាកសិករ បានកើនរហូតដល់ ៤៦.៣៤១ហិកតា លើសផែនការប្រើប្រាស់ទឹក ២៦.៣៤១ហិកតា។ ក្នុងន័យនេះ រដ្ឋបាលខេត្តអំពាវនាវឱ្យប្រជាកសិករក្នុងខេត្ត ដែលកំពុងបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៤នេះ ផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤។

លើសពីនេះប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែល អាចស្តុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើម។ ក្នុងករណីប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការណែនាំរបស់រដ្ឋបាលខេត្តទេនោះ រដ្ឋបាលខេត្តមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពដំណាំស្រូវនៅរដូវប្រាំងនេះឡើយ។ ករណីដែលប្រជាកសិករនៅតែបន្តបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ ទៀតនោះ ពួកគេនឹងអាចជួបប្រទះការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិកា៕

រូបភាព៖ USAID Morodok Baitang-មរតកបៃតង
រូបភាព៖ USAID Morodok Baitang-មរតកបៃតង


Khcct banner

អត្ថបទទាក់ទង