ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាប្រកាសថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានរកឃើញករណី ជំងឺអុតស្វា ២ករណីបន្ថែមទៀត សរុបចំនួន ៣ករណី។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានវីរុសអុតស្វា អ្នកជំងឺបានដាក់ឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបានយ៉ាងត្រឹមត្រូវ។
ក្រសួងសុខាភិបាល បានអំពាវនាវក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ជាថ្មីទៀតថា សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការ នូវការចម្លងជំងឺអុតស្វាដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម៖
វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទគ្រប់ទម្រង់ ជាមួយអ្នក ជំងឺអុតស្វានិងការប៉ះពាល់ដោយផ្ទាល់នឹងកន្លែងមានដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗ តាមផ្លូវដង្ហើម និងសម្ភារៈប្រើប្រាស់ដែលប្រឡាក់ប្រឡូសជាមួយនឹងវីរុស រួមមាន សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារ ស្លាបព្រាចាន កែវទឹក។ល។
វីរុសអុតស្វា ឆ្លងពីម្តាយទៅកូនតាមរយៈទងសុក ក្នុងអំឡុងពេលឬក្រោយពេលសម្រាល តាមរយៈការប៉ះផ្ទាល់ បើស្ត្រីមានផ្ទៃពោះ ឬឪពុកម្តាយមានជំងឺអុតស្វា។
ដើម្បីបង្ការការចម្លងត្រូវអនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើប្រាស់ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាងមានដៃគូរួមភេទច្រើន។
ចៀសវាងការប៉ះពាល់ផ្ទាល់ដូចជា ឱប ថើប ម៉ាស្សា និយាយជិតគ្នាជាមួយអ្នកដែលមានចេញរោគសញ្ញាជំងឺអុតស្វា។
ចៀសវាងការប៉ះពាល់ផ្ទាល់ ឬប៉ះពាល់ជាមួយសម្លៀកបំពាក់ កម្រាលពូកខ្នើយ៍ ឬកន្សែងពោះគោឬចាន ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំង ដែលអ្នកមានជំងឺអុតស្វាប្រើប្រាស់។
ក្រសួងបានណែនាំឱ្យចៀសវាងការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់ របស់អ្នកជំងឺអុតស្វា។
ពាក់ម៉ាសប្រសិនអ្នកនៅជិតអ្នកដែលមានរោគសញ្ញាជំងឺអុតស្វា។
ក្រសួងសុខាភិបាល ណែនាំឱ្យរក្សាអនាម័យផ្លូវដង្ហើម និងអនុវត្តអនាម័យដៃដោយលាងសម្អាតដៃជាមួយទឹកនិងសាប៊ូ ជែលលាងដៃ ឬអាល់កុលលាងដៃ៕