ភ្នំពេញ៖ លោក ពុំ ម៉េងគាន់ បានប្រឡូកក្នុងការធ្វើការងារបណ្តើររៀនបណ្តើរចាប់តាំងពីនៅរៀនឆ្នាំទី១នៅសាកលវិទ្យាល័យរហូតដល់បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្វីត្បិតមកពីតំបន់ដាច់ស្រយាល និងមានបញ្ហាជីវភាពក្នុងគ្រួសារ។
បើតាមលោក ពុំ ម៉េងគាន់ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា លោកជាកូនប្រុសនៅក្នុងគ្រួសារមួយដែលមកពីខេត្តកំពង់ចាម ជាកូនប្រុសទី១ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងកាលពីឆ្នាំ២០២១កន្លងទៅនេះ ដែលបច្ចុប្បន្នលោកកំពយងបម្រើការងារក្នុងស្ថាប័នមួយដែលផ្តោតលើការអប់រំ។
លោកបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យកាលពីឆ្នាំ២០១៧ នៅវិទ្យាល័យហ៊ុនសែនខ្ចៅ នៅខេត្តកំពង់ចាម និងរស់នៅតំបន់មួយដែលមានការយល់ឃើញនៅមានកម្រិតពាក់ព័ន្ធនឹងតម្លៃនៃការអប់រំ ដោយភាគច្រើន ប្រជាជននៅតំបន់នោះភាគច្រើនចង់វិនិយោគទៅលើអ្វីដែលបានឃើញផ្លែផ្កាលឿន ដែលភាគច្រើនយល់ឃើញថាការសិក្សានឹងត្រូវចំណាយពេលយូរ និងថវិកាច្រើនទម្រាំបានចេញផ្លែផ្កា។ ទោះជាយ៉ាងណាក៏ដោយ ការយល់ឃើញទាំងនោះមិនបានជះឥទ្ធិពលមកលើការតស៊ូរបស់លោក ម៉េងគាន់នោះឡើយ លោកនៅតែជំនះនូវផ្នត់គំនិតនោះរហូតដល់បានសិក្សាថ្នាក់អនុបណ្ឌិតនាពេលបច្ចុប្បន្ន។
លោក ម៉េងគាន់ បានរៀបរាប់ថា កាលពីឆ្នាំ២០១៧ នៅពេលដែលមកដល់ទីក្រុងភ្នំពេញភ្លាម លោកចាប់ផ្តើមស្វែងរកការងារធ្វើភ្លាមដែលអាចធ្វើដោយមិនប៉ះពាល់លើម៉ោងសិក្សា។ ក្រោយពេលបានមកក្រុងភ្នំពេញមិនបានប៉ុន្មាន លោកក៏ទទួលបានដំណឹងថាខ្លួនបានជាប់អាហារូបករណ៍នៅសាកលវិទ្យាល័យផ្សេងៗគ្នារហូតទៅដល់ ៥ ស្ថាប័នផ្សេងៗគ្នា តែជាចុងក្រោយ លោកក៏បានជ្រើសរើសក្នុងការរៀនតែពីរសាកលវិទ្យាល័យតែប៉ុណ្ណោះ និងសម្រេចចិត្តធ្វើការក្នុងពេលតែមួយតែម្តង។
នាពេលនោះ លោកបានរៀនវេនព្រឹក និងវេនចុងសប្តាហ៍ និងឆ្លៀតឱកាសក្នុងការធ្វើការងារពីពេលថ្ងៃរហូតដល់ពេលយប់ទើបបានសម្រាក។ ថ្វីត្បិតជានិស្សិតដែលរៀននៅសាកលវិទ្យាល័យក៏ពិតមែន ការធ្វើការមិនបានក្លាយជាឧបសគ្គក្នុងការរារាំងលោកសិក្សាកាន់តែពូកែនោះឡើយ ពោលគឺលោកនៅតែទទួលបានលទ្ធផលប្រសើរឡើងក្នុងនាមជាសិស្សអាហារូបករណ៍ម្នាក់។
ប្រភពនៃអាហារូបករណ៍ដែលលោកទទួលបាន គឺផ្តើមពីការខិតខំប្រឹងប្រែងតាំងពីពេលសិក្សានៅថ្នាក់វិទ្យាល័យមកម្ល៉េះដូចជាការដាក់អាហារូបករណ៍ក្រសួងអប់រំ ការប្រឡងចូល និងការដាក់តាមស្ថាប័ននានា។ បន្ថែមពីនេះ លោកក៏បានចែករំលែកផងដែរសម្រាប់សិស្សដែលមិនមានលទ្ធភាពក្នុងការបង់ថ្លៃសិក្សាក៏នៅតែមានឱកាសក្នុងការសម្រេចក្តីស្រមៃរៀននៅសាកលវិទ្យាល័យបានដែរដោយអាចដាក់អាហារូបករណ៍ផ្សេងៗ រៀនបណ្តើរ ធ្វើការបណ្តើរ ដើម្បីអាចមានថវិកាក្នុងការបង់ថ្លៃសិក្សា ឬ អាចសម្រាករយៈពេលមួយឆ្នាំដើម្បីអាចស្វែងរកការងារបានថវិកាសន្សំជាមុនសិនចាំបន្តការសិក្សានៅសាកលវិទ្យាល័យនាឆ្នាំក្រោយ។
លោក ម៉េងគាន់ បានបន្ថែមទៀតថា ការធ្វើការបណ្តើររៀនបណ្តើរ មានសារៈសំខាន់ជាច្រើនសម្រាប់លោករហួតមកដល់បច្ចុប្បន្នដូចជាលោកអាចមានឱកាសបង្កើតទំនាក់ទំនងបានច្រើន អភិវឌ្ឍសមត្ថភាពទាំងជំនាញរឹង និងជំនាញទន់ ជាពិសេសគឺលោកអាចមានឱកាសស្វែងរកថាអ្វីទៅជាវិស័យដែលលោកមានចិត្តស្រលាញ់ពិតប្រាកដបន្ទាប់ពីបានប្រឡូកការងារក្នុងវិស័យផ្សេងៗគ្នាជាច្រើនដូចជាខាងផ្សារទំនើប ខាងធនាគារ និងខាងអប់រំ។
ជាចុងក្រោយ លោកបានបង្ហាញអារម្មណ៍ថាក្នុងនាមជាកូនម្នាក់ដែលមកពីគ្រួសារដែលមានជីវភាពលំបាក តែលោកនៅតែអាចសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្របានជោគជ័យ និងបានការងារមួយដែលសមប្រកបជាមួយនឹងសមត្ថភាពលោក លោកពិតជាមានមោទនភាពដែលខ្លួនអាចធ្វើវាបាន ហើយនិងសង្ឃឹមថាអាចជាគម្រូមួយសម្រាប់ប្អុនៗដែលកំពុងជួបបញ្ហាស្រដៀងលោកអាចមានកម្លាំងចិត្តក្នុងការបន្តទៀតដើម្បីអាចសម្រេចក្តីស្រមៃ៕