ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង នាពាក់កណ្តាលខែមករា ឆ្នាំ២០២៤។ នេះគឺជាទស្សនកិច្ចទៅប្រទេសក្នុងតំបន់អឺរ៉ុបដំបូងរបស់សម្តេច ហ៊ុន ម៉ាណែត ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីកម្ពុជា។គម្រោងទៅបំពេញទស្សនិច្ចនៅបារាំងពេលនេះ ធ្វើឡើងតាមការអញ្ជើញរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង។
បើគ្មានអ្វីប្រែប្រួលនោះទេ សម្តេច ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង នាថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤។ ទស្សនកិច្ចដំបូងទៅកាន់ប្រទេសបារាំងនាដើមឆ្នាំ២០២៤នេះ នឹងដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីកម្ពុជា-បារាំង ហើយនឹងជំរុញទៅមុខយ៉ាងជាក់ស្ដែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរជាអាទិ៍ វិស័យសេដ្ឋកិច្ច យោធា បេតិកភណ្ឌជាដើម។
យោងតាមលិខិតអញ្ជើញរបស់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង លោកមានក្តីរំពឹងថាទស្សនកិច្ចនេះនឹងបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-បារាំង កាន់តែស៊ីជម្រៅ និង កាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលកំពុងប្រឈមមុខ។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និង បារាំង មានតាំងពីយូរលង់ណាស់មកហើយ។ កាលពីអតីតកាល បារាំងធ្លាប់បានដាក់អាណានិគមមកលើកម្ពុជាអស់រយៈពេលជិតមួយសតវត្សរ៍ ដោយចាប់ពីឆ្នាំ១៨៦៣-១៩៥៣។ គិតមកដល់ពេលបច្ចុប្បន្ន កម្ពុជាបានទទួលឯករាជ្យពីបារាំងបានរយៈពេល៧០ឆ្នាំ ហើយរយៈពេលចុងក្រោយនេះទំនាក់ទំនងរវាងកម្ពុជា និងបារាំង មានភាពល្អប្រសើរគួរកត់សម្គាល់៕