ភ្នំពេញ៖ ការអានសៀវភៅជាវិធីសាស្រ្តដ៏មានប្រសិទ្ធិភាព ក្នុងការបង្កើនចំណេះដឹងសម្រាប់គិតពិចារណា ដោះស្រាយ និងជំរុញលើកទឹកចិត្តមិត្តអ្នកអានគ្រប់ៗគ្នា។ តួយ៉ាងដូចជាសៀវភៅលើកទឹកចិត្តរបស់អ្នកនិពន្ធវ័យក្មេង លោក លី តារា ដែលមិត្តអានយ៉ាងច្រើនគាំទ្រស្នាដៃនិពន្ធលោកសព្វថ្ងៃនេះ។លោក លី តារា លោកមានស្រុកកំណើតនៅ ខេត្តកំពង់ចាម ហើយ លោកបានបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសនៅឆ្នាំ២០១៥ និងមានគ្រឹះស្ថានបោះពុម្ពសៀវភៅផ្ទាល់ខ្លួន (DARA LY Books)ផងដែរ។ លោកបានប្រាប់ពីបទពិសោធន៍នៃការឈានជើងចូលក្លាយខ្លួនជាអ្នកនិពន្ធសៀវភៅម្នាក់។
ដោយ៖ ឌី ចិន្ដា
លោក លី តារា និយាយថា៖ “ ដំបូងឡើយ មុននឹងខ្ញុំបានក្លាយជាអ្នកនិពន្ធជំរុញលើកទឹកចិត្តម្នាក់ គឺចាប់ផ្ដើមពីចំណុចសូន្យ។ មែនទែនទៅ ខ្ញុំមិនសូវយល់ច្បាស់ពីការនិពន្ធ ការបោះពុម្ពសៀវភៅនៅឡើយទេ។ តែដោយសារចំណង់ចំណូលចិត្តពីតូច រហូតដល់ពេលឡើងដល់ថ្នាក់សាកល ខ្ញុំចាប់ផ្ដើមចង់និពន្ធសៀវភៅខ្លួនឯង ជាមួយនឹងការបេជ្ញាចិត្តដោយការចាប់ផ្ដើមពីការអានសៀវភៅជាបន្ដបន្ទាប់”។
លោកថ្លែងថា អ្វីដែលជាចំណុចចាប់ផ្ដើមរបស់លោកគឺ ការចេះបែងចែកពេលវេលាសម្រាប់ការអានសៀវភៅ ដែលជាវិធីជំរុញខ្លួន អាចក្លាយជាអ្នកនិពន្ធ។ លោកបានបំពេញបេសកកម្មរបស់លោក ក្នុងការអានសៀវភៅតាមចំនួនច្រើនក្បាលក្នុងមួយឆ្នាំៗ ទាក់ទងនឹងការអភិវឌ្ឍអាជីព ការអភិវឌ្ឍខ្លួនឯង និងជំនាញអាជីវកម្ម ទីផ្សារ និងជីវប្រវត្តិអ្នកល្បីៗនានា ហើយបេជ្ញាចិត្តថាអានឱ្យចប់ ដើម្បីស្វែងរកខ្លួនឯងរហូតបានចេះដឹង និងអាចយកមកនិពន្ធសៀវភៅឱ្យបាន។
លោកបានបន្ថែមទៀតថា៖ “ ការអាន ជាផ្នែកមួយសំខាន់ ដែលផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ រួមបញ្ចូលទាំងចំណេះដឹងដែលទទួលបាន ហើយធ្លាប់ចូលរួមតស៊ូមតិក្នុងសកម្មភាពតាមសាកលនានា និងធ្វើការបុគ្គលិកស្ម័គ្រចិត្តសម្រាប់យុទ្ធនាការអានផ្សេងៗ ទាំងអស់នេះហើយដែលបណ្ដាលឱ្យខ្ញុំបានក្លាយជាអ្នកនិពន្ធម្នាក់។
លោក តារា បានបន្ដថា លោកចាប់ផ្ដើមនិពន្ធសៀវភៅផ្ទាល់ខ្លួន ជាមួយចិត្តស្រលាញ់វិស័យការអាន ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងជួយដោះស្រាយបញ្ហាជីវិតរបស់យុវវ័យក្នុងវ័យសិក្សានាសម័យបច្ចុប្បន្ន តាមរយៈការអាន។ ទន្ទឹមនឹងបានក្លាយខ្លួនជាអ្នកនិពន្ធ លោក តារា លោកនៅតែឆ្លងកាត់នូវបទពិសោធន៍ជាច្រើន ដែលមានទាំងឧបសគ្គ និងការជំរុញលើកទឹកចិត្តខ្លួនឯងផ្ទាល់ ពីអ្នកនៅជុំវិញខ្លួន។
លោកបន្តថា៖ “ ខ្ញុំត្រូវបានមនុស្សជុំវិញខ្លួនគាំទ្រ ក្នុងការសរសេរនិពន្ធសៀវភៅ។ ជាមួយគ្នានេះដែរ មានអ្នកមួយចំនួនតូច មានការងឿយឆ្ងល់នូវអ្វីដែលខ្ញុំចង់ធ្វើ ដូចជាអ្នកនិពន្ធសៀវភៅជាដើម ព្រោះដំបូងឡើយនោះ ខ្ញុំមិនមានជាផលកំរៃជាដុំកំភួនឡើយនឹងមុខអាជីពជាអ្នកនិពន្ធសៀវភៅ ” ។
ផ្ទាល់ក្នុងនាមជាអ្នកបានឈានជើងធ្វើអាជីពជាអ្នកនិពន្ធសៀវភៅ លោក លី តារា បានផ្ដល់ជាសារមួយថា៖ “ ការអត់ធ្មត់ ការជំនះ លើកទឹកចិត្តដល់ខ្លួនឯង ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឱ្យរីកចំរើនទៅមុខបន្តិចម្ដងៗ សូមកុំបោះបង់ ព្យាយាមកែច្នៃវាសនារបស់ខ្លួនដោយទឹកដៃនៃការសរសេរ ដែលជាមាគ៌ានឹងធ្វើឱ្យយើងទទួលបានជោគជ័យ នៅថ្ងៃណាមួយមិនខាន ”។
សូមបញ្ជាក់ផងដែរថា ចំណូលពាក់កណ្តាល ដែលលោកទទួលបានពីការលក់សៀវភៅនឹងត្រូវបរិច្ចាគ ដើម្បីទិញសៀវភៅថ្មីសម្រាប់បណ្ណាល័យសាធារណៈ នេះក៏ជាស្មារតីមួយនៃធនធានមនុស្សក្នុងនាមជាអ្នកនិពន្ធសៀវភៅម្នាក់ប្រកបដោយការចែករំលែកជាមួយនឹងសប្បុរសធម៌៕