
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី ២៥ សីហានេះ បានបញ្ជាឲ្យឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនចុះទៅជួបពលរដ្ឋដែលអះអាងថាបាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយពីបោះបង្គោលព្រំដែន។ការបញ្ជានេះ ធ្វើឡើងក្នុងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០ នៅវិមានសន្តិភាព។
ក្រៅពីនេះសម្តេច ហ៊ុន សែនក៏បានណែនាំឲ្យឯកឧត្តមរដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីបើកសិក្ខាសាលាឲ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់និងសួរអំពីរឿងព្រំដែន តបតាមសំនួររបស់ខ្ញុំ ដែលបានសួរទៅកាន់នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ការលើកឡើងរបស់សម្តេចហ៊ុន សែន គឺជាការឆ្លើងតបនឹងសំណួរបស់លោក ពេជ្រ ស្រស់ ប្រតិភូគណបក្សយុវជនកម្ពុជាងប្រជុំបូកសរុបការងារឆមាសទី៤ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ក្នុងសំណួរនោះលោកពេជ្រ ស្រស់បានចោទសួរថា តើរាជរដ្ឋាភិបាលមានគម្រោងបញ្ជូនអ្នកជំនាញព្រំដែនទៅជួបពលរដ្ឋដែលអះអាងថា បាត់ដីពួកគាត់ក្រោយបោះ បង្គោលព្រំដែនជាមួយវៀតណាមរួចរាល់ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំដែរឬទេ?
គួរបញ្ជាក់ថា ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ធ្លាប់បានអះអាងថា បើមានប្រជាពលរដ្ឋណាមួយបាត់បង់ដីដោយសារតែបោះបង្គោលព្រំដែនពីគណៈកម្មការព្រំដែន គឺប្រជាពលរដ្ឋអាចប្តឹងមកគណៈកម្មការព្រំដែន ដើម្បីចុះទៅពិនិត្យ និងដោះស្រាយជូន៕