កំពត៖ រមណីយដ្ឋានភ្នំទឹកធំ ជារមណីយដ្ឋានធម្មជាតិមួយ ដែលបានបង្កើតឡើងដោយភិក្ខុ សុត ដាវី ព្រះចៅអធិការ វត្តភ្នំរាប។ នៅពេលរមណីយដ្ឋាននេះត្រូវបានបង្កើតឡើង មានភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍ទៅកម្សាន្ដនៅទីនោះ ដោយសារតែរមណីយដ្ឋានភ្នំទឹកធំ មានល្អាងដែលភ្ញៀវទេសចរអាចជិះទូកកម្សាន្ដបាន ខុសប្លែកពីតំបន់ទេសចរណ៍ដ៏ទៃទៀត ប៉ុន្ដែមួយរយៈចុងក្រោយនេះ មិនសូវមានភ្ញៀវទេសចរទៅកម្សាន្ដច្រើនដូចកាលពីមុននោះទេ។
ភិក្ខុ សុត ដាវី មានសង្ឃដីកាថា រយៈពេលមួយឆ្នាំមកនេះ មានភ្ញៀវទេសចរជាច្រើនបានទៅកម្សាន្ដនៅតំបន់រមណីយដ្ឋានភ្នំទឹកធំ។ នៅក្នុងថ្ងៃធម្មតា មានភ្ញៀវទេសចរណ៍មិនក្រោម១០ឡាននោះទេ ដែលមកកម្សាន្ដនៅទីនេះ។ ចំណែកនៅថ្ងៃចុងសប្ដាហ៍ភ្ញៀវទេសចរអាចឈានដល់២០ទៅ៥០ឡានក្នុងមួយថ្ងៃក៏មាន និងពេលខ្លះទៀតអាចឈានដល់ជាង១០០ឡានក៏មានដែរ។
ភិក្ខុ សុត ដាវី មានសង្ឃដីកាបន្ដថា មួយរយៈចុងក្រោយនេះ មិនសូវមានភ្ញៀវទេសចរមកកម្សាន្ដនោះទេ ប៉ុន្ដែទោះបីជាស្ងប់ស្ងាត់ក្ដី ក៏អាចមានភ្ញៀវទេសចរមកកម្សាន្ដប្រហែលជា៥ឡានដែរ នៅក្នុងថ្ងៃធម្មតា។ ប្រសិនបើថ្ងៃចុងសប្ដាហ៍អាចមានភ្ញៀវទេសចរប្រមាណ១០ឡានទៅ២០ឡានក្នុងមួយថ្ងៃ។
បើប្រៀបធៀបចំនួនភ្ញៀវទេសចរមកកម្សាន្ដនៅដើមឆ្នាំ២០២៣ និងចុងឆ្នាំ២០២៣នេះ មិនមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នោះទេ។ ប៉ុន្ដែថ្ងៃចុងសប្ដាហ៍នៅដើមឆ្នាំ២០២៣មានចំនួនភ្ញៀវទេសចរមកកម្សាន្ដច្រើន ខណៈថ្ងៃចុងសប្ដាហ៍នាចុងឆ្នាំនេះ មិនសូវមានភ្ញៀវទេសចរមកកម្សាន្ដនោះទេ។
លើសពីនេះ មួយរយៈចុងក្រោយក៏មានខាងផលិតកម្មចម្រៀង និងផលិតកម្មភាពយន្ដ បានមកទាក់ទងនៅក្នុងការថតវីដេអូចម្រៀង និងភាពយន្ដ ជាច្រើន។ នៅក្នុងនោះ មានផលិតកម្មខ្លះ ក៏បានថត និងចេញផ្សាយហើយដែរ និង ផលិតកម្មខ្លះទៀតកំពុងតែពិភាក្សា
ជាមួយគ្នានោះ នៅចុងឆ្នាំនេះ ភិក្ខុ សុត ដាវី បាននិងកំពុងរៀបចំកាំជណ្ដើរ ដើម្បីចូលល្អាងផ្សេងៗទៀត ក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរដែលមកកម្សាន្ដ ក៏ដូចជាមានកន្លែងប្លែងៗដើម្បីបម្រើឱ្យភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅទីនេះ ថែមទៀតផង។
សូមបញ្ជាក់ថា តំបន់រមនីយដ្ឋានភ្នំទឹកធំ ជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលកសាងដោយភិក្ខុ សុត ដាវី ព្រះចៅអធិការ វត្តភ្នំរាប កាលពីថ្ងៃទី២៧ ខែកមរា ឆ្នាំ២០២៣។ តំបន់ទេសចរណ៍ភ្នំទឹកធំ មានទីតាំងស្ថិតនៅព្រំដែនកម្ពុជា-វៀតណាម នៅក្នុងភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត៕