
ក្រចេះ៖ សាកលវិទ្យាល័យក្រចេះ ត្រូវបានក្រសួងអប់រំដាក់អនុវត្តកម្មវិធីសិក្សាថ្នាក់«អប់រំបច្ចេកទេស ឬ៩+៣» នៅក្នុងឆ្នាំសិក្សាថ្មីនេះ។ ថ្នាក់អប់រំបច្ចេកទេសនៅក្នុងសាកលវិទ្យាល័យក្រចេះ ទើបតែដំណើរការបានប្រមាណជិតមួយខែប៉ុណ្ណោះ។ ជាមួយគ្នានោះសិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់អប់រំបច្ចេកទេស មានការចាប់អារម្មណ៍ខ្លាំងចំពោះកម្មវិធីសិក្សាមួយនេះ ព្រោះកម្មវិធីសិក្សានេះមិនត្រឹមតែបង្រៀនជំនាញវិជ្ជាជីវៈដល់ពួកគេនោះទេ ថែមទាំងអប់រំក្រមសីលធម៌ថែមទៀតផង ហើយអ្វីដែលកាន់តែប្រសើរនោះថ្នាក់អប់រំបច្ចេកទេស មិនមានការបង់ថ្លៃសិក្សានោះទេ។ ជាពិសេសសិស្សានុសិស្សនៅទីនោះ ក៏ចង់ឱ្យមានកម្មវិធីសិក្សាថ្នាក់«អប់រំបច្ចេកទេស ឬ៩+៣» នៅគ្រប់សាកលវិទ្យាល័យ និងវិទ្យាល័យ នៅកម្ពុជាផងដែរ។
យុវជន យ៉េង សុខណា ជាសិស្សកំពុងរៀនថ្នាក់អប់រំបច្ចេកទេស បានប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា ថ្នាក់អប់រំបច្ចេកទេស មានគ្រូបង្រៀនជាគ្រូនៅសាកលវិទ្យាល័យ ដែលខ្លះរៀនចប់ពីបរទេសថែមទៀតផង។ ជាពិសេសនោះថ្នាក់អប់រំបច្ចេកទេសគ្មានការរៀនគួរក្រៅម៉ោងសិក្សានោះទេ និងមានការអនុវត្តច្រើនជាងទ្រឹស្ដី។ ថ្នាក់អប់រំបច្ចេកទេសនៅក្នុងសាកលវិទ្យាល័យក្រចេះ ផ្ដល់ទាំងកន្លែងសម្រាប់សិស្ស-និស្សិតស្នាក់នៅ ដោយមិនបង់ថ្លៃនោះទេ ដែលនេះអាចជួយសម្រួលដល់សិស្សដែលគ្មានលទ្ធភាពជួលផ្ទះ ដើម្បីស្នាក់នៅអំឡុងពេលសិក្សា។

សិស្សកំពុងសិក្សាថ្នាក់អប់រំបច្ចេកទេសមួយរូបទៀត យុវតី ធារ៉ា ឌីណា បានឱ្យដឹងថា ការសិក្សានៅទីនេះ ខ្លួនបានរៀនអំពីច្បាប់វិន័យ និងសណ្តាប់ធ្នាប់សាលា ជំនាញ និងចំណេះដឹងទូទៅ ការចុះអនុវត្តផ្ទាល់ ក៏ដូចជាការដាំដំណាំលើទឹក ជាដើម។ ហើយអ្វីដែលយុវតីរូបនេះពេញចិត្តនោះគឺការសិក្សារៀនសូត្រមានម៉ោងកំណត់ត្រឹមត្រូវ និងមានកាលវិភាគសម្រាប់កំណត់មុខវិជ្ជាផ្សេងៗ និងការអនុវត្តប្រចាំថ្ងៃផងដែរ។
ចំណែកយុវជន យុន ម៉េងឡុង បានឱ្យដឹងដែរថា តាមរយៈការសិក្សាជិតមួយខែមកនេះ ខ្លួនបានទទួលការអប់រំមួយដែលល្អប្រសើរ ហើយការសិក្សាកន្លងមកនេះបានបង្រៀនខ្លួនឱ្យយល់ពីជំនាញដែលពាក់ព័ន្ធជាមួយអគ្គិសនី។ ក្រៅពីជំនាញវិជ្ជាជីវៈ យុវជន យុន ម៉េងឡុង យល់ដឹងពីសីលធម៌នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដូចជា យល់ដឹងអំពីតម្លៃរបស់មនុស្ស និងចេះឱ្យតម្លៃគ្នាទៅវិញទៅមក ជាដើម។
យុវតី ស្រ៊ុន ស្រីឡៃ បាននិយាយថា តាមរយៈការសិក្សា នៅថ្នាក់បច្ចេកទេសរយះពេល៣ សប្តាហ៍នេះ ខ្លួនបានអនុវត្តដាំដំណាំ ដូចជា បន្លែ បណ្តុះគ្រាប់ពូជស្រូវ និងបានអនុវត្តន៍ពីការមើលមីក្រូទស្សន៍ ផងដែរ។ ក្រៅពីការអនុវត្តយុវតី ស្រ៊ុន ស្រីឡៃ ក៏បានសិក្សាចំណេះដឹងទូទៅ ដូចជា ភាសាខ្មែរ គណិតវិទ្យា ភាសាអង់គ្លេស កុំព្យូទ័រ សីលធម៌ពលរដ្ឋ ជីវិទ្យា ផែនដី រូបវិទ្យា គីមីវិទ្យា និងឥរិយាបថផ្សេងៗ ពីលោកគ្រូអ្នកគ្រូនៅក្នុងថ្នាក់អបរំបច្ចេកទស ថែមទៀតផង។

ការសិក្សានៅក្នុងថ្នាក់អប់រំបច្ចេកទេស គឺមិនមានបង់ថ្លៃសិក្សានោះទេ ហើយក៏មិនចំណាយទៅលើការស្នាក់នៅនោះដែរ ព្រោះសាលាមានកន្លែងសម្រាប់សិស្ស-និស្សិតស្នាក់នៅ ពិសេសនោះសិស្សានុសិស្ស ដែលកំពុងស្នាក់នៅទីនេះ ក៏មិនតម្រូវឱ្យមានការចំណាយថវិកាទៅលើការបង់ថ្លៃទឹក និងភ្លើង នោះដែរ។ តាមរយៈការសិក្សាបច្ចេកទេសនេះ សិស្សានុសិស្សរំពឹងថាពួកគេនឹងទទួលបានឱកាសការងារ ដែលល្អប្រសើរ នៅពេលបញ្ចប់ការសិក្សា ព្រោះថ្នាក់អប់រំបច្ចេកទេសនេះ នឹងផ្ដល់ឱ្យពួកគេនូវជំនាញមួយដែលច្បាស់លាស់។ នេះជាការលើកឡើងរបស់យុវតី បែវ ស្រីឡូន ជាសិស្សកំពុងសិក្សានៅក្នុងថ្នាក់អប់រំបច្ចេកទេស។
បន្ថែមពីនេះ សិស្សានុសិស្ស ដែលកំពុងសិក្សានៅក្នុងថ្នាក់អប់រំបច្ចេកទេសនៅសាកលវិទ្យាល័យក្រចេះ ចង់ឱ្យមានកម្មវិធីសិក្សាថ្នាក់អប់រំបច្ចេកទេសនៅគ្រប់សាកលវិទ្យាល័យ និងវិទ្យាល័យក្នុងប្រទេសកម្ពុជា។ ព្រោះពួកគេយល់ថា ថ្នាក់អប់រំបច្ចេកទេស បានជួយសិស្សានុសិស្ស ដែលគ្មានលទ្ធភាពមកបន្តការសិក្សានៅវិទ្យាល័យ ក៏ដូចជាសាកលវិទ្យាល័យ ទទួលបាននូវជំនាញវិជ្ជាជីវៈដែលច្បាស់លាស់៕



