មូស្គូ៖ រុស្សីបានធ្វើការព្រមានជប៉ុនជុំវិញចំណាត់ការរបស់ជប៉ុនក្នុងការផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ដល់អ៊ុយក្រែន នឹងមាន "ផលវិបាក" សម្រាប់ទំនាក់ទំនងរុស្សី-ជប៉ុន នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្សី លោកស្រី Maria Zakharova បានអះអាង។ ការព្រមាននេះធ្វើឡើងចំពេលដែលទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងតូក្យូកំពុងតែស្ថិតក្នុងភាពលំបាក់ និង បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីរុស្សីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីធ្វើប្រតិបត្តិការពិសេសរបស់ខ្លួនលើទឹកដីអ៊ុយក្រែន។
កាលពីសប្តាហ៍មុន ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងរៀបចំបញ្ជូនមីស៊ីលការពារដែនអាកាស Patriot ទៅកាន់អ៊ុយក្រែនដើម្បីផ្តល់ជាជំនួយសម្រាប់អ៊ុយក្រែនក្នុងការធ្វើសង្រ្គាមជាមួយប្រទេសរុស្សី ។ ទោះបីជាការនាំចេញសព្វាវុធរបស់ជប៉ុនត្រូវបានរារាំងពីការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសដែលមានសង្គ្រាមក៏ដោយ ក៏ជប៉ុននៅតែស្វែងរកផ្លូវដើម្បីផ្តល់ជំនួយដល់អ៊ុយក្រែនសម្រាប់ប្រឆាំងរុស្សីដដែល។
កាលពីដើមខែនេះ ជប៉ុន និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយន្តហោះចម្បាំងរួមគ្នាដើម្បីត្រួតពិនិត្យការហោះហើរដោយយន្តហោះទម្លាក់គ្រាប់បែក។ រុស្សី និងជប៉ុនមិនទាន់បញ្ចប់សន្ធិសញ្ញាជាផ្លូវការក្នុងការបញ្ចប់អរិភាពក្នុងសង្គ្រាមលោកលើកទី ២ នៅឡើយនោះទេដោយសារតែជម្លោះទឹកដីចាស់ដែលពាក់ព័ន្ធនឹងខ្សែសង្វាក់នៃកោះប៉ាស៊ីហ្វិកដែលគេស្គាល់នៅក្នុងប្រទេសជប៉ុនថាជាដែនដីភាគខាងជើង និងនៅក្នុងប្រទេសរុស្សីថាជាកោះ Kuriles ភាគខាងត្បូង៕