ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៧ ធ្នូ បានចេញសេចក្ដីជូនដំណឹង អំពីការផ្អាកការធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាបណ្តោះអាសន្នមិនឱ្យមានការធ្វើដំណើរឆ្លងកាត់ ដើម្បីរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និង ខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ រយៈពេល ៣ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី ២៩-៣១ ខែធ្នូ ខាងមុខនេះ។
យោងតាមរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង អំពីការផ្អាកចរាចរចំពោះយានយន្តគ្រប់ប្រភេទត្រូវបញ្ចៀសចរាចរបណ្ដោះអាសន្ន ក្នុងអំឡុងពេលប្រារព្ធពិធីខាងនេះ នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ មិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថី ឈ្នះ ឈ្នះ ចាប់ពីគល់ស្ពាន់ព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីម៉ោង ៥ៈ០០នាទី រហូតដល់ម៉ោង ១១ៈ០០រសៀល បញ្ចប់កម្មវិធីយានជំនិៈនឹងបើកឲ្យដំណើរការឡើងវិញ។ ហើយចាប់ពីម៉ោង ១៤ៈ០០នាទី នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ ដដែលនេះ ពិធីខាងលើក៏នឹងបើកឲ្យសាធារណៈជនចូលរួមទស្សនា ហើយយានជំនិះគ្រប់ប្រភេទអាចធ្វើដំណើរឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ដូចប្រក្រតី លើកលែងតែរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រ មិនត្រូវបានអនុញ្ញាតឲ្យធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ពីគល់ស្ពាន់ព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ការផ្អាកចរាចរណ៍នៅតាមកំណាត់មហាវិថីឈ្នះឈ្នះនេះ ដើម្បីរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្រ្គាមសុីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និង ខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ៕