Cctimesw1140xh150cm copy

វិទ្យាស្ថាន NTTI បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនគ្រួសារក្រីក្រ នាដើមឆ្នាំ២០២៤

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI

ភ្នំពេញ៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI បានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងវគ្គបណ្តុះបណ្តាលយុវជនឹងទទួលបានជំនាញមួយយ៉ាងពិតប្រាកដ ជាពិសេសនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់។

លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានគូសបញ្ជាក់ថាចាប់តាំងពីរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិបានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ១០០៥នាក់ លើជំនាញចំនួន ៧ មានដូចជា ជំនាញជាងកំបោរ ការដំឡើងអគ្គិសនីក្នុងអាគារ សេវ៉ាកម្មត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មកុំព្យូទ័រ រចនាក្រាហ្វិកដោយកុំព្យូទ័រ និងការថែទាំងបរិក្ខាអេឡិចត្រនិច។

លោកបានបន្ថែមថា ជំនាញទាំងនេះជាជំនាញអាទិភាពរបស់វិទ្យាស្ថាន ហើយជំនាញទាំងនេះមើលឃើញថាមានភាពងាយស្រួលទៅដល់និស្សិត និងសក្ខាកាមរកការងារធ្វើ ជាពិសេសនោះទទួលបានប្រាក់កម្រៃច្រើន នៅពេលដែលពួកគេបញ្ចប់ការសិក្សានៅទីនេះ ។ ការជ្រើសរើសជំនាញទាំងនេះផ្អែកទៅតាមពាក្យស្លោករបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី គឺរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ។

គូរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេច ហ៊ុន ម៉ាណែត បានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង