Cctimesw1140xh150cm copy

អាជ្ញាធរអប្សរាច្រានចោលព័ត៌មានមិនពិតពីសកម្មភាពរុះរើសំណង់មិនស្របច្បាប់ដោយបង្ខំ នៅខេត្តសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មានការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក អំពីសកម្មភាពរុះរើសំណង់មិនស្របច្បាប់ របស់ក្រុមការងារសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ដោយបង្ខំ ស្ថិតនៅក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប។ អាជ្ញាធរជាតិអប្សរាបានស្រាយបំភ្លឺថា ការផ្សព្វផ្សាយទាំងនេះគឺបានផ្ទុយពីការពិតជាក់ស្តែង បង្កើតឱ្យមានការយល់ច្រឡំពីសាធារណជនមកលើអាជ្ញាធរជាតិអប្សរា។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាបានធ្វើការជម្រាបជូនសាធារណៈជន ឱ្យបានជ្រាបច្បាស់អំពីករណីនេះដូចខាងក្រោម៖

១- សំណង់ដែលជាកម្មវត្ថុនៃការរុះរើ គឺជាប្រភេទសំណង់មិនស្របច្បាប់ដែលសាងសង់គ្មានការអនុញ្ញាត កើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៣ មកម៉្លេះ។

២- ជាវិធានការណ៍ទប់ស្កាត់ ក្រុមការងារបានប្រគល់លិខិតជូនដំណឹងតម្រូវឱ្យម្ចាស់រុះរើចេញវិញដោយខ្លួនឯង ក្នុងនោះបានទុកពេលវេលាចំនួន០៣ថ្ងៃ គិតចាប់ពីថ្ងៃទី ២៥ដល់២៧ ខែ ឧសភា ឆ្នាំ២០២៣ ជាកំហិត។ កិច្ចការនេះមាន លោកមេភូមិសណ្ដាន់ បានដឹងលឺ។

៣- ក្រោយមកដោយមានការស្នើសុំ ពីម្ចាស់សំណង់មិនស្របច្បាប់ខាងលេី ថានឹងរុះរើសំណង់ទាំងនេះដោយខ្លួនឯង ក្រុមការងារទប់ស្កាត់សំណង់មិនស្របច្បាប់បានឱ្យម្ចាស់សំណង់ចុះកិច្ចសន្យារុះរើស័្មគ្រចិត្ត ដោយទុកពេលវេលា ចំនួន០៣ ថ្ងៃ គិតចាប់ពីថ្ងៃទី ១០ដល់១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

៤- តាមរយ:នេះ អាជ្ញាធរជាតិអប្សរាបានទុកពេលវេលាសមស្រប សម្រាប់ម្ចាស់សំណង់ធ្វើការរុះរើដោយខ្លួនឯងអស់រយៈពេលជាច្រើនខែមកហើយ។

៥- បុគ្គលម្នាក់ដែលបានយំសោកក្នុងព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមនោះ មិនមែនជា ម្ចាស់ផ្ទះខាងលើឡើយ។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ទង្វើរបស់ជននេះពិតជាមានបំណងបង្កាច់បង្ខូចកិត្តិយសមន្ត្រីអាជ្ញាធរជាតិអប្សរា ក្នងសកម្មភាពទប់ស្កាត់សំណង់មិនស្របច្បាប់ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ មរតកដូនតា ព្រលឹងជាតិខ្មែរ។ សកម្មភាពនេះពិតណាស់ ធ្វើឡើងដើម្បីប្រយោជន៍បុគ្គលខ្លួនឯងផ្ទាល់ និងបានធ្វេីឱ្យប៉ះពាល់ផងដែរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ:៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង