ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងរៀបចំវេទិកាការងារ និងកម្មសិក្សាការងារនាថ្ងៃទី២៨ ធ្នូ ខាងមុខនេះ ដោយនាំយកឱកាសការងារជាង ២០០ កន្លែងពីក្រុមហ៊ុនធំៗចំនួន៣។ សិស្ស-និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ អាចចូលរួមដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ សហការជាមួយ ស.ស.យ.ក រៀបចំវេទិកាការងារ និងកម្មសិក្សាការងារ ដោយនាំយកឱកាសការងារជាង ២០០ កន្លែង ពីក្រុមហ៊ុនក្រុមហ៊ុន តេលា ក្រុមហ៊ុន DEVELOCUS និងសណ្ឋាគារ HOTEL KVL។ ចំពោះសិស្ស-និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុនទាំងនោះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កញ្ញា ឃឿ មុនីរតនា ប្រធានផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍន៍សណ្ឋាគារ HOTEL KVL លើកឡើងថា នេះគឺជាលើកទី១ហើយដែលខាងសណ្ឋាគារសហការជាមួយនឹងNEA។ ហើយតាមរយៈការសហការនេះ ក៏គឺជាផ្នែកមួយក្នុងការជួយផ្តល់ឱកាសការងារដល់អ្នកកំពុងស្វែងរកការងារធ្វើ។ ជាពិសេស ក្រុមហ៊ុនរំពឹងថា នឹងទទួលបានបុគ្គលិកតាមតម្រូវការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា៕